វត្តអារាមចំនួន ៤០វត្ត នៅក្នុងខេត្តមណ្ឌលគិរី ទទួលបានការប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ពីរដ្ឋបាលខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងលោកជំទាវ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ រួមទាំងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ គង់ក្នុងវត្តអារាមចំនួន ៤០វត្ត នៅក្រុង/ស្រុកទាំង០៥ ក្នុងខេត្តមណ្ឌលគិរី នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ។

ឯកឧត្តម ងី ច័ន្រ្ទផល បានមានប្រសាសន៍ថា ការប្រារព្វពិធីបុណ្យចូលព្រះវស្សា គឺធ្វើឡើងជារៀងរាល់ឆ្នាំ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយគ្រឿងសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ និងបវារណាចតុបច្ច័យ ប្រគេនចំពោះព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ ខណៈពេលដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សារយៈពេល៣ខែ ក្នុងរដូវវស្សា ដោយមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនសូត្រធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលកន្លងមក បានយ៉ាងច្រើនកុះករ។

...

សូមបញ្ជាក់ថា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ ដែលបាននាំយកទៅប្រគេនជូនដល់ព្រះសង្ឃ គង់ក្នុងវត្តអារាមចំនួន ៤០វត្ត ដោយក្នុងមួយវត្តទទួលបាន៖ ទៀនព្រះវស្សា១គូ ស្លាដក ផ្លែឈើ ទឹកសុទ្ធ ទឹកក្រូច អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងមី ព្រមទាំងបច្ច័យ ក្នុង១វត្តចំនួន ៧០ម៉ឺនរៀល ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាប្រជាពលរដ្ឋ ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រុងរឿងទៅមុខបន្តទៀត៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print