Breaking News៖ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាតាមដាន ហេតុអ្វីពលរដ្ឋជាង៣៥០នាក់ លើកគ្នាដុតបំផ្លាញស្នាក់ការបរិស្ថាន ដោយសារខឹងចាប់ម៉ាស៊ីនអារឈើក្នុងតំបន់ការពារនៅឃុំស្រែជិះ !

ចែករំលែក៖

ខេត្តក្រចេះ: យ៉ាងហោចណាស់ក៏មាន ពលរដ្ឋជាង៣៥០នាក់ លើកគ្នាដុតបំផ្លាញស្នាក់ការបរិស្ថាន ដោយសារខឹងចាប់ម៉ាស៊ីនអារឈើក្នុងតំបន់ការពារនៅឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយសមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កំពុងចុះទៅជួយអន្តរាគមន៍ ដោយសន្តិវិធី។

លោក គឺ ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មុននេះបន្តិចថា, ពិតជាមានករណី ប្រជាពលរដ្ឋជាច្រើនអ្នក បានទៅដុតបំផ្លាញទីស្នាក់ការបរិស្ថានពិតប្រាកដមែន នៅស្រុកអូរគ្រៀងសែនជ័យ លោកក៏បានឲ្យតំណាងអយ្យការមួយរូប ចុះទៅសម្របសម្រួលនីតិវិធី ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យជាក់ស្ដែង នៅកន្លែងក្រហេតុ និងធ្វើតាមនីតិវិធី។
លោកព្រះរាជអាជ្ញាបានបន្តថា , ខាងសមត្ថកិច្ចបរិស្ថាន បានចាប់រណាអារឈើ សម្ភារៈបម្រើឲ្យការកាប់ឈើ និងគ្រឿងចក្រមួយគ្រឿង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកអោយមន្ត្រីនគរបាលយុត្តិធម៌ ធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់បំផុត។

សូមបញ្ជាក់ថា ៖ ពលរដ្ឋជាង៣៥០នាក់ មកពីភូមិចំនួន៣ បានលើកគ្នាទៅដុតបំផ្លាញស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តម្ភសត្វតោ ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយខឹងមន្រ្តីបរិស្ថានចាប់ម៉ាស៊ីនអារឈើរបស់ពួកគាត់ក្នុងតំបន់ការពារ។

របាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣ភូមិ រួមមភូមិស្រែជិះ ភូមិររៀង និងភូមិអំពក ឃុំស្រែជិះ មានគ្នាសរុបប្រហែលជាង៣៥០នាក់ បាននាំគ្នាបុកចូលទៅដុតបំផ្លាញ កន្លែងបរិស្ថានសរសរស្តម្ភ។

ហេតុការណ៍ដែលបង្កឲ្យមានហិង្សារហូតឈានដល់ការដុតបំផ្លាញទីស្នាក់ការបរិស្ថានខាងលើនេះ ត្រូវបានគេអះអាងថា មកពីក្រុមប្រជាពលរដ្ឋខឹងសម្បារជាមួយមន្រ្តីបរិស្ថានដែលបានចុះអនុវត្តចាប់បង្ក្រាបម៉ាស៊ីនត្រង់ស៊ីន័រ និងកាំបិតរបស់ពួកគាត់ដែលអារឈើធ្វើរបងស្រែ និងអារឈើរោងដាំបាយ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

លោកបញ្ជាក់ទៀតថា ការដែលពលរដ្ឋលើកគ្នាទៅដុតបំផ្លាញស្នាក់ការបរិស្ថាននោះ មានបុគ្គល២នាក់ជាអ្នកដឹកនាំគឺឈ្មោះ ក្លូ និងម្នាក់ទៀតឈ្មោះ រ៉ា ទី ហើយឈ្មោះ រ៉ា ទី នេះ មានតួនាទីជាអនុប្រធានសហគមន៍ព្រៃឈើទៀតផង ហើយបុគ្គលរូបនេះ ជាអ្នកឲ្យទៅអារឈើក្នុងតំបន់ការពារនោះតែម្ដង។

លោកប្រធានបានបញ្ជាក់ទៀតថា ពលរដ្ឋទាំងនោះបានដុតបំផ្លាញខូចខាតអស់ស្នាក់ការបរិស្ថានចំនួន១ខ្នង រោងស្នាក់នៅ និងឈើជាវត្តុតាងដែលបង្រ្កាបបានកន្លងមក ត្រូវបានពួកគាត់ដុតបំផ្លាញចោលអស់ផងដែរ។

យ៉ាងណាក៏ដោយ ករណីផ្ទុះហិង្សារហូតមានការដុតបំផ្លាញទីស្នាក់ការបរិស្ថាននេះ គេនៅមិនដឹងពីដំណោះស្រាយ ឬវិធានការផ្លូវច្បាប់យ៉ាងណានៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ កំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ ជុំវិញបញ្ហាខាងលើនេះ ។ ក្នុងនោះតំណាងអយ្យការ ក៏បានចុះទៅសម្របសម្រួលនីតិវិធីដោយផ្ទាល់ ជាមួយកងកម្លាំងសមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដើម្បីសិក្សាឲ្យដឹងអំពីមូលហេតុច្បាស់លាស់ ចៀសវាងមានករណីញុះញង់ណាមួយបានកើតឡើង ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print