ភ្នំពេញ៖ បើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា, នៅតែប្រមាណ ១៥ថ្ងៃទៀតប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន និងឡើងឋានៈមួយទៀតគឺជា «ឪពុកនាយករដ្ឋមន្ត្រី» ម្ដង។
ក្នុងសារដែលសម្ដេចតេជោ បានបង្ហោះនៅលើ Channel Telegram នៅព្រឹកថ្ងៃទី៧ ខែសីហានេះ សម្ដេចតេជោ លើកឡើងពីរយៈពេលដែលសម្ដេចបានប្រឡូកចូលក្នុងអាជីពនយោបាយដែលរហូតមកដល់ពេលនេះមានរយៈពេលជាង ៤៤ឆ្នាំហើយ ខណៈកាន់តំណែងជាងនាយករដ្ឋមន្ត្រីចំនួន ៣៨ឆ្នាំ។
សម្ដេចបានបន្ថែមថានៅសល់ពេលតែ ១៥ថ្ងៃប៉ុណ្ណោះសម្ដេចនឹងចាកចេញពីការិយាល័យនាយករដ្ឋមន្ត្រីដោយបន្តឱ្យមនុស្សជំនាន់ក្រោយ ដែលពេលនោះសម្ដេចបានក្លាយជា «ឪពុកនាយករដ្ឋមន្ត្រី» ម្ដង។
សម្ដេចតេជោសរសេរថា៖ «ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី ១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍»។
គួរឱ្យដឹងដែរថាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត សម្រាប់ដឹកនាំប្រទេស បន្ទាប់ពីសម្ដេចតេជោសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្ដេចតេជោគឺជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។
សម្តេចតេជោ ហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា , “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន។”
សូមបញ្ជាក់ថា, នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា ៕
ដោយ : សហការី