នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានថ្លែងសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា , នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។

លោក លី ស៊ានឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរដល់ឯកឧត្ដម ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

លោកបន្តថា សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងមិត្តភាពយូរអង្វែងមកហើយ។ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ បានចម្រើនធំធាត់ ចាប់តាំងពីជំនួបលើកចុងក្រោយ បំផុតរបស់ពួកយើង ក្នុងឆ្នាំ២០១៨ នៅពេលដែលឯកឧត្ដមបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី 64th Lee Kuan Yew Exchange Fellow។ យើងបានបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជំនួយបច្ចេកទេស ព្រមទាំងផ្ដោះប្ដូរដំណើរទស្សនកិច្ចយោធា និងយោធា នៅក្រោមការដឹកនាំរបស់ឯកឧត្ដម ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រះរាជាណាចក្រកម្ពុជា»។

លោក លី ស៊ានឡុង បានបន្ថែមថា លោកនិងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗផងដែរ ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងពាណិជ្ជកម្មឥណ្ឌទានកាបូន។ ប្រទេសរបស់ពួកយើង គួរតែបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យជាច្រើនទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងឌីជីថលនីយកម្ម។

លោក លី ស៊ានឡុង បានរំពឹងធ្វើការជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងាររបស់ឯកឧត្ដម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគី និងពហុភាគី។ លោកក៏រំពឹងដែរថា នឹងបានជួបឯកឧត្ដមបណ្ឌិតដោយផ្ទាល់ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាការតា នៅខែកញ្ញាខាងមុខនេះ។

សូមបញ្ជាក់ថា, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែង នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print