ក្នុងឆមាសទី១​ ឆ្នាំ២០២៣នេះ! កម្ពុជានាំចេញគ្រឿងអេឡិចត្រូនិកមានទឹកប្រាក់ជាង ១,៤ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា​ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងគួរឱ្យសម្គាល់ ,បើទោះបីជាការនាំចេញផលិតផលកាត់ដេរ ​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផលធ្វើដំណើរ ដែលជាទំនិញនាំចេញសំខាន់របស់កម្ពុជា ​បានថយចុះ។

ជាក់ស្ដែង​របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ​ បានបង្ហាញថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ ការនាំចេញគ្រឿងអេឡិចត្រូនិក​ មាន​ទឹកប្រាក់ប្រមាណ ១ ៤៤០ លានដុល្លារ កើនឡើង១.៣ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា៖ ការនាំចេញបានថយចុះ ២,១ភាគរយ ជាចម្បងដោយសារការ​ថយ​ចុះការនាំចេញទោចក្រយាន ៣០,៥ភាគរយ ផលិតផលកាត់ដេរ​ ១៨,៤ភាគរយ និងកៅស៊ូ ៩,៨ភាគរយ​ ខណៈដែលមុខទំនិញផ្សេងទៀតបានកើនឡើងរួមមាន​ គ្រឿងអេឡិចត្រូនិក កើនឡើង១,៣ដង និងអង្ករ កើនឡើង ១២,៤ភាគរយ។

ជាមួយគ្នានោះ​ បើតាមការបញ្ជាក់ពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ លោក ហេង សុខគង់ បានលើកឡើងថា ​ការនាំចេញផលិតផលមិនមែនកាត់ដេរមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្លុះបញ្ជាំងពីប្រសិទ្ធិភាព​នៃការអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។

អ្នកនាំពាក្យក្រសួង​រូបនេះ បានថ្លែង​បញ្ជាក់បន្ថែមថា គោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានជំរុញការ​វិនិយោគលើបច្ចេកវិទ្យា​ក្នុងសង្វាក់ផលិតកម្ម និងជំរុញការនាំចេញផលិតផលមិនមែន​កាត់​ដេរកើនឡើងខ្ពស់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print