ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រ សួងទេសចរណ៍ ប្រាប់អ្នកសារព័ត៌មាន ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែសីហាម្សិលមិញនេះថា៖ នៅឆ្នាំនេះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់ និងឆ្នាំ២០២៦ នឹងមានការកើនឡើងដល់ប្រមាណ៧លាននាក់ ។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងបន្តថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨ឆ្នាំ ២០២៣នេះ មានអ្នកចូលរួមសរុបជាង២ពាន់៥រយនាក់ ក្នុងនោះមានបរទេសជាង៥០០នាក់មកពី៤៥ប្រទេស ហើយចំនួននេះមានការ កើនឡើងច្រើនបើធៀបទៅនឹងការប្រកួតម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧ ដែលត្រូវបានរៀបចំជាថ្មី បន្ទាប់ពីវិបត្តិជំងឺកូវីដ- ១៩ កាលពីឆ្នាំ២០២២។ ការកើនឡើង នៃចំនួនអ្នកចូលរួមនៅក្នុងទិវានេះ ដោយសារភ្ញៀវទេសចរបានមើលឃើញថា កម្ពុជាមានសុខសន្តិភាពពេញបូរិបូណ៍ ហើយគណៈកម្មការ និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀតបានរៀបចំតំបន់អង្គរបានល្អ។
ក្នុងន័យនេះដែរលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា នៅឆ្នាំនេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចអន្តរជាតិ៥លាននាក់ ក្នុងស្រុកប្រមាណ១៦លាននាក់ និងឆ្នាំ២០២៦ ទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើងដល់ប្រមាណ ៧លាននាក់។
សូមជម្រាបជូនថា បើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណជាង១២លាននាក់ ។
ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ១៦លាននាក់ សម្រាប់ ឆ្នាំនេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករក្នុងផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយវិស័យទេស ចរណ៍ក្នុងនិងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ជាធម្មតា ខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវ ភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះ មិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវ នឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា៕ដោយ៖សហការី