ខេត្តតាកែវ៖ លោកឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ អញ្ជើញចូលរួមបុណ្យសព គោរពវិញ្ញាណក្ខន្ធនិងបំពាក់ឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ត្រីជាកិច្ចបច្ឆាមរណៈជូនសពលោកអនុសេនីយ៍ឯក អ៊ុង អាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ខេត្តតាកែវ ។
ការអញ្ជើញចូលរួមបុណ្យសពគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ត្រីជាកិច្ចបច្ឆាមរណៈជូនសពលោកអនុសេនីយ៍ឯក អ៊ុង អាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្នុង ក្រុងដូនកែវនេះ ថ្នាក់ដឹកនាំក៏បាននាំយកនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) និងថវិកាឧបត្ថម្ភផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តចំនួន ៥០០,០០០៛(ហាសិបមុឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ទឹកត្រីចំនួន ១យួរ ទឹកសុីអីវចំនួន២យួរ ទឹកសុទ្ធចំនួន ១កេស មីចំនួន២កេស អង្ករចំនួន ៥០គីឡូក្រាម និងថវិការបស់អធិការដ្ឋាននគរបាលក្រុងដូនកែវចំនួន ៤០០,០០០៛(សែសិបម៉ឺនរៀល) ជូនដល់លោកស្រី ញឹម សុគា ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក អ៊ុង អាន មន្រ្តីប៉ុស្តិ៍នគរបាលសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៃអធិកាដ្ឋាននគរបាលក្រុងដូនកែវ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយការធ្វើអត្តឃាតសម្លាប់ខ្លួនឯង(ចងក) ស្ថិតនៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរងបានសំណេះសំណាលជាមួយក្រុមគ្រួសារសព សម្តែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេកចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ បម្រើប្រទេសជាតិមាតុភូមិកន្លងមក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕ ដោយ៖ ភារ៉ា ដង្កោ