ខេត្តបាត់ដំបង៖ ជនត្រូវចោទម្នាក់ក្រោយព្យាយាមរត់គេចខ្លួនជិត៥ខែ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកសង្កែ ចុះស្រាវជ្រាវអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន ក្នុងករណីហិង្សាដោយចេនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។ នេះបេីយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅថ្ងៃទី០៩ ខែសីហានេះបានឱ្យដឹងដែរថា៖ កាលពីម្សិលមិញនេះ លោកបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៥៣ត.ព្រ/២៣ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងលោក នុត សុម៉ារី ដោយបញ្ជាឱ្យនាំខ្លួនឈ្មោះខាវ ថង ហៅ ត្រា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនជនត្រូវចោទរូបនេះមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីហើយ៕ដោយ៖សហការី