ភ្នំពេញ : មិនបារម្មណ៍រឿងស្ទះចរាចរណ៍ក្នុងក្រុងធ្វើដំណើរទៅមកបានរហ័ស ចំណេញពេលវេលា និងថវិកា នេះគឺការបែងចែកផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ តាមរយៈការតភ្ជាប់បណ្ដាញគមនាគមន៍។ នេះជាប្រសាសន៍លើកឡើងពី លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលត្រូវឡើងកាន់តំណែង នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងសំដៅលើ ផ្លូវក្រវ៉ាត់ក្រុងទី៣ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, ផ្លូវក្រវាត់ក្រុងទី៣ សមិទ្ធផលជាតិថ្មីមួយទៀតដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចុះសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៦ មុននឹងប្រគល់ភារកិច្ចបន្តជូន នាយករដ្ឋមន្ត្រីថ្មីអាណត្តិទី៧ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ១អាទិត្យមុនេះ។
ផ្លូវក្រវាត់ក្រុងទី៣ ដែលប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ មានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែងប្រវែង ៥,៣៧គ.ម) មានចំណុចចាប់ផ្តើមត្រង់ រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤(គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១(គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ក្នុងគម្រោងនេះដែរ មានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ក្នុងនោះស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង ៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។ បន្ថែមពីលើនេះ ក៏បានសាងសង់ផងដែរនូវស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំងសម្រាប់បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ ក៏ដូចជាបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ៕
ដោយ : សិលា