ភ្នំពេញ ៖ ការឆ្លុះ រឺសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាលទៅលើភាពមិនប្រក្រតីនៃប្រដាប់រំលាយអាហារផ្នែកខាងលើដូចជា បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ដើម្បីអោយអ្នកទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីដំណើរការនៃការឆ្លុះក្រពះនេះ ពួកយើងស្នើសុំអោយអ្នក អានឯកសារនេះដោយយកចិត្តទុកដាក់។ ក្រុមគ្រូពេទ្យនឹងរង់ចាំផ្តល់ព័ត៌មានបន្ថែមទៀតសម្រាប់អ្នក បើសិនជាអ្នកមិនសូវយល់ត្រង់ចំណុចណាមួយ និងមានចម្ងល់ផ្សេងៗក្រៅពីនេះ។
ក) ហេតុអ្វីបានជាអ្នកត្រូវធ្វើការឆ្លុះក្រពះ?
បច្ចុប្បន្ននេះ “ការឆ្លុះក្រពះ” នៅតែជាមធ្យោបាយល្អ និងច្បាស់ជាងគេបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទៅលើជំងឺផ្សេងៗនៃបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ខ) តើយើងគួរតែត្រៀមខ្លួនដូចម្តេច មុនការឆ្លុះក្រពះ?
អ្នកត្រូវអត់អាហារយ៉ាងតិច ៦ម៉ោងមុនការឆ្លុះក្រពះ។
គ) តើការឆ្លុះក្រពះដំណើរការទៅយ៉ាងដូចម្តេច?
អ្នកនឹងត្រូវបានដាក់អោយសម្រាកនៅលើគ្រែ ហើយយើងនឹងដាក់ឧបករណ៍ទន់មួយ ហៅថា “អង់ដូស្កុប” រាងដូចទុយោ ដែលភ្ជាប់នឹងកាមេរ៉ា ចូលទៅក្នុងមាត់របស់អ្នក ដើម្បីពិនិត្យមើល បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ឃ) តើការឆ្លុះក្រពះមានការលំបាកដែរឬទេ ?
ការឆ្លុះក្រពះ ដោយថ្នាំសណ្តំ មិនមានការលំបាកទេ ។ អ្នកជំងឺគេងលក់ក្នុងពេលដំណើការនៃការឆ្លុះ ។ គាត់មិនមានអារម្មណ៍ដឹងថាគាត់បានឆ្លុះរួចផង។
ង) តើមានផលវិបាកអ្វីខ្លះកើតឡើង កំឡុងពេល រឺក្រោយការឆ្លុះក្រពះ?
គ្រប់សកម្មភាព រឺអន្តរាគមន៍វេជ្ជសាស្រ្ត ទៅលើរាងកាយរបស់មនុស្ស បើទោះជាស្ថិតក្រោមលក្ខខ័ណ្ឌល្អបំផុតនៃ
សមត្ថភាពគ្រូពេទ្យ និងបើទោះជាអនុវត្តក្រោមលក្ខខ័ណ្ឌសុវត្ថិភាព ដែលស្របនឹងទិន្នន័យវិទ្យាសាស្រ្តបច្ចុប្បន្ន យ៉ាងណាក៏ដោយ ភាគរយនៃការកើតជាផលវិបាកនៅតែមាន ប៉ុន្តែក្នុងអត្រាទាបបំផុត។
សម្រាប់ការឆ្លុះក្រពះ ផលវិបាកដែលអាចកើតឡើងគឺកម្រខ្លាំង ផលវិបាកទាំងនោះរួមមាន៖
– ការរងរបួស រឺការរហែកភ្នាសជញ្ជាំងប្រដាប់រំលាយអាហារ ដែលតម្រូវអោយធ្វើការវះកាត់ (លទ្ធផលអាស្រ័យតាមករណីនីមួយៗ)។
– នៅក្នុងករណីកម្របំផុត ការហូរឈាមមិនបាត់ ក៏អាចតម្រូវអោយមានការវះកាត់ដូចគ្នា។ ក្នុងករណីខ្លះ អ្នកជំងឺអាចនឹងត្រូវការការបញ្ចូលឈាម។
– ផលវិបាកផ្សេងៗទៀតអាចកើតមានដែរ តែកម្រខ្លាំង ដូចជា វិបត្តិបេះដូង និងសរសៃឈាម វិបត្តិដង្ហើម និងការឆ្លងរោគជាដើម។
– ផលវិបាកទាំងនេះអាចកើតឡើង អាស្រ័យទៅតាមកត្តាផ្សេងៗ ដូចជាជំងឺប្រចាំកាយ ប្រវត្តិជំងឺពីមុន រឺក៏ការផឹកថ្នាំដែលមានផលប៉ះពាល់មួយចំនួន។
“ក្រុមការងារឯកទេសជំនាញផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍ និងត្រៀមរួចជាស្រេច ផ្តល់ជូនបន្ថែមអំពីព័ត៌មានលំអិតអំពីបញ្ហាទាំងនេះ ជូនដល់អ្នកជំងឺគ្រប់រូប នៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។”នេះជាការបញ្ជាក់ពីខាង មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សហការី