ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញលទ្ធផលស្តីពីកិច្ចសហប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ឃាត់ខ្លួនឈ្មួញជនជាតិថៃ២នាក់និង សារធាតុញៀនជិត៥០០គីឡូក្រាម ។
ពិធីបង្ហាញស្នាដៃដ៏ធំធេងនោះធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការចូលរួមពីក្រឡាបញ្ជីតំណាងឱ្យព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងផងដែរ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំពីរូបលោកផ្ទាល់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹង សេរី នាយករងមន្ទីរនិងលោកវរសេនីយ៍ឯក ទេព សំផន នាយការិយាល័យក៤ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវរយៈពេលជាង២ខែទើបឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរគ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវចូលមកកម្ពុជានៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
*ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ជនជាតិថៃ ៖
១.ឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣
២.ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩
ចាប់យកវត្ថុតាងរួមមាន ៖
១.សារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៦៥ដុំ ស្មើទម្ងន់ ៤៦៥គីឡូក្រាម ៦៥១ក្រាម។
២-ទូរស័ព្ទ ២គ្រឿង ។
ក្រោយពីបញ្ចប់ពិធីបង្ហាញមុខជនសង្ស័យទាំង២នាក់និងវត្ថុតាងសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ ដោយ៖ រ៉ារ៉ា