ខ្សែប្រយុទ្ធ Erling Haaland បានត្រលប់មកទម្លាប់ចាស់វិញជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អនៃការប្រកួតបើករដូវកាលថ្មី២០២៣–២០២៤ ដោយជួយ Manchester City បើកការការពារពានរង្វាន់ Premier League ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលនៅលើទឹកដី Burnley ក្នុងលទ្ធផល៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ សីហានេះ។
ម៉ាស៊ីនរកគ្រាប់បាល់ ដែលស៊ុតបញ្ចូលទីបាន៥២គ្រាប់ ខណៈដែល Man City ឈ្នះពានរង្វាន់៣ក្នុងមួយរដូវកាលគឺ Premier League, FA Cup និង Champions League កាលពីរដូវកាលមុន Haaland រកបាន២គ្រាប់ក្នុងជំនួបបើកឆាករដូវកាលថ្មីនេះដោយ១គ្រាប់បើកឆាករកបាននៅនាទីទី៤ ពីការបញ្ជូនបាល់យ៉ាងល្អពី Rodri។ គ្រាប់ទី២រកបាននៅនាទីទី៣៦ ពីការបញ្ជូនបាល់របស់ Avarez រហូតដល់ចប់ការប្រកួតតង់ទី១ ក្រុមភ្ញៀវ Man City នាំមុខ Burnley ២ទល់០។
អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Burnley នៅតែស្រែកគាំទ្រក្រុមដែលចុះចាញ់ឡើយ ប៉ុន្តែការគ្រប់គ្រងរបស់ Man City កាន់តែមានភាពល្អប្រសើរជាងមុនក្នុងតង់ទី២ ខណៈដែលការប្រកួតបានចូលដល់នាទីទី៧៥ ខ្សែបម្រើ Rodri រកបានគ្រាប់បាល់ទី៣ឲ្យ Man City ដោយនៅសល់១៥នាទីចប់ការប្រកួត ពីការស៊ុតបាល់ហ្វ្រីឃីកយ៉ាងល្អ។
អ្វីៗបានបញ្ចប់យ៉ាងស្រួលសម្រាប់ Man City ក្នុងការរកបាន៣ពិន្ទុដំបូងរបស់ក្រុមក្នុងរដូវកាលថ្មីនេះ។ រីឯកីឡាករ Anass Zarory របស់ Burnley ទទួលបានកាតក្រហមបណ្តេញចេញក្នុងម៉ោងបន្ថែម៩០+៤ បន្ទាប់ពីជំនួយការអាជ្ញាកណ្តាលពិនិត្យវីដេអូ សម្រាប់ការប៉ះទង្គិចដ៏គ្រោះថ្នាក់លើកីឡាករ Kyle Walker របស់ Man City។
ជាមួយគ្នានោះកីឡាករ Kovacic បានមកជំនួសខ្សែបម្រើ De Bruyne ដែលមានបញ្ហារបួស ដោយកើតឡើងម្តងទៀតរបស់កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ដែលនឹងក្លាយជាប្រភពនៃការព្រួយបារម្ភសម្រាប់លោក Guardiola និង Man City។ គាត់បានចំណាយពេលរដូវក្តៅដើម្បីជាសះស្បើយពីរបួសសរសៃពួរដែលបង្ខំគាត់ឱ្យចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌChampions League លើក្រុម Inter Milan បន្ទាប់ពីបានត្រឹមតែ៣៦នាទី។
Burnley ត្រូវបានបង្ហាញជាមួយនឹងការចាប់ផ្តើមដ៏លំបាកក្នុងក្របខ័ណ្ឌ Premier League ថ្ងៃបើកឆាកនេះ ដោយត្រូវប៉ះក្រុមខ្លាំងមុនគេ ខណៈដែលអ្នកចាត់ការលោក Vincent Kompany គឺជាអ្នកដែលធ្លាប់ធ្វើការ និងធ្លាប់ជាជំនួយការរបស់លោកGuardiola នៅ Man City មុនពេលធ្វើជាគ្រូបង្វឹកក្រុម Burnley ៕ (រូបភាព ៖ BBC Sport)