ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូមគោរពជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២ (សែនសុខ) ព្រោះមន្រ្តីជំនាញ កំពុងធ្វើសមយុទ្ធពន្លត់អគ្គីភ័យទ្រង់ទ្រាយធំ ដេីម្បីការពារគ្រោះមហន្តរាយ។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឱ្យដឹងថា ដោយអនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូមគោរពជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២ (សែនសុខ) មេត្តាជ្រាបថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ០៦ និង០០នាទីព្រឹក រហូតដល់ម៉ោង ០៩ និង០០នាទីព្រឹក មានការរៀបចំធ្វើសមយុទ្ធសាកល្បង ស្តីពីការបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នឹងមានការរៀបចំសមយុទ្ធជាក់ស្តែងម្តងទៀត ចាប់ពីម៉ោង ០៦:០០ នាទីព្រឹក រហូតដល់ម៉ោង ០៩:៣០នាទីព្រឹក។ នេះជាការធ្វើសមយុទ្ធពន្លត់អគ្គីភ័យទ្រង់ទ្រាយធំជាក់ស្តែង ដេីម្បីការពារគ្រោះមហន្តរាយនៅផ្សារទំនើបអុីអនម៉លសែនសុខ ដែលមានការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង។
អាស្រ័យហេតុនេះសូមបងប្អូនដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២ (សែនសុខ) ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភ្ញាក់ផ្អើលចំពោះដំណើរការរៀបចំធ្វើសមយុទ្ធទាំង២លើកនេះ៕ដោយ៖សហការី