ភ្នំពេញ៖ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ គ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា និងអ្នកមានជម្ងឺ ចំនួន៤១គ្រួសារ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ។
លោក នុត ពុធដារ៉ា ក្នុងឱកាសនោះបានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូពីការលំបាក ខ្វះខាតនានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន ជាមួយគ្នាលោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដែលតែងបានផ្តាំផ្ញើរឲ្យអនុសាខាកាកបាទក្រហមគ្រប់ខណ្ឌយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនដែលជួបការលំបាក មានជីវភាពខ្វះខាត ជាដើម។ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំព្យាយាមធ្វើលំហាត់ប្រាណ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងទទួលយកថ្នាំព្យាបាលឲ្យបានត្រឹមត្រូវពីគ្រូពេទ្យជំនាញ ដើម្បីបន្តរស់នៅបានយូរអង្វែង មើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង៤១គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់(មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។ ជាមួយគ្នាព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ សង្កាត់ព្រៃស បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ រួមមានៈ ស្ករស តែ ទឹកដោះគោ ទឹកក្រូច និងមី។
ជាមួយគ្នា លោកអភិបាលខណ្ឌ ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅដល់ផ្ទះរបស់បងប្អូនដែលកំពុងមានជម្ងឺហើយសម្រាកព្យាបាលនៅលើគ្រែ ចំនួន ០៣គ្រួសារ ព្រមទាំងបានឧបត្ថម្ភថវិកាបន្ថែម ចំនួន ១៥ម៉ឺនរៀល ដល់អ្នកជម្ងឺម្នាក់ដែលទើបនឹងវះកាត់ ហើយមានលទ្ធភាពដើម្បីទិញថ្នាំព្យាបាលផងដែរ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ