ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរមានគ្នា៤នាក់បានធ្វើសកម្មភាពឆក់កាបូបក្រវ៉ាត់ចង្កេះយកលុយអស់ជាង៥០០ដុល្លារហើយជិះគេចខ្លួនដោយសុវត្តភាពដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី។
ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅផ្លូវ១៩៨៦ មុខស្ថានីយ៍ប្រេងតេលា ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ស្ត្រីរងគ្រោះជាម្ចាស់កាបូបឈ្មោះ សុទ្ធ ម៉ារី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីស្ត្រីរងគ្រោះឲ្យដឹងថា មុនកើតហេតុគាត់ជិះម៉ូតូឌុបចេញពីផ្ទះគោលបំណងទៅផ្សារអូរឫស្សីទិញឥវ៉ាន់ដោយជិះតាមផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខនិងមួយគ្រឿងទៀតប្រភេទអូតូពណ៌សមិនចាំម៉ាកជិះមកក្បែរហើយធ្វើសកម្មភាពឆក់យកកាបូបពណ៌ឈាមជ្រូកពីគាត់ដែលនៅជាប់ចង្កេះបានសម្រេចហើយជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលតែម្ដង តែមិនបណ្ដាលឲ្យដួលម៉ូតូទេ។
ស្ត្រីរងគ្រោះបន្តទៀតថា នៅក្នុងកាបូបក្រវ៉ាត់ចង្កេះដែលជនសង្ស័យឆក់យកទៅនោះមានលុយចំនួន ២០មឺុនរៀល លុយដុល្លារ ៥ដុល្លារ ទូរស័ព្ទដៃ៣គ្រឿង កណ្តឹងជើងកូនក្មេង១គូរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក សរុបជាង ៥០០ដុល្លារ។
ក្រោយកើតហេតុស្ត្រីរងគ្រោះបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីដាក់ពាក្យបណ្តឹងនិងសូមឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងលើដើម្បីយកមកផ្តនទាទោសទៅតាមផ្លូវច្បាប់។ ប៉ុន្តែជនរងគ្រោះហាក់គ្មានសង្ឃឹមចំពោះការតាមចាប់ខ្លួនក្រុមចោរទាំងនោះពីសំណាក់លោក ដួង វណ្ណៈ មេប៉ុស្តិ៍ស្តីទីនោះទេព្រោះកន្លងមកមានបទល្មើឆក់ លួចកាច់សោរម៉ូតូ គាស់ផ្ទះ និងប្លន់នៅទឹកដីប៉ុស្តិ៍ភ្នំពេញថ្មីមិនដែលឃើញបង្ក្រាបបានទេបើបង្ក្រាបបានៗចោរកំប៉េកកំប៉ុកតែប៉ុណ្ណោះ៕
ដោយ៖ តុង សីហា