«ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា» 🇰🇭🇨🇳

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ – លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បាន ជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងអំឡុងពេលនៃជំនួប លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិដែលទទួល បានពីសម្លេងឆ្នោតគាំទ្រចំនួន ៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំប្រកបដោយការឆ្លើយ តបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណង ប្រាថ្នារបស់ប្រជាពលរដ្ឋ។

នៅក្នុងបរិបទនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព រវាងកម្ពុជា និងចិន រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមានទំនាក់ទំនងនយោបាយ ការទូតសភា ការពង្រីក ពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូរលើ វិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ រដ្ឋមន្តី ការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងការអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាកររបស់កម្ពុជាចំពោះ “គោលនយោបាយ ចិនមួយ” លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិត ខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផល ប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និង ជំនួយអភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន រួមមានការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងឆ្នាំនេះ កម្ពុជាគាំទ្រប្រទេសចិនក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរយោបល់លើកិច្ចការតំបន់និងអន្តរជាតិនានា ដែលជាផលប្រយោជន៍រួម។ ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមនានា របស់កម្ពុជាក្នុងក្របខ័ណ្ឌអន្តរជាតិ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំង ការអញ្ជើញចូលរួមក្នុងពិព័រណ៍អាស៊ាន- ចិនលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ចនិងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រម ទាំងវេទិកាលើកទី៣ ស្ដីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print