ខេត្តរតនគិរី÷ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរ បាលស្រុកបរកែវឃាត់ខ្លួន ពាក់ព័ន្ធករណីលួច(ខ្សែក) ហើយអស់ល័ក្ខណ៍ត្រូវជាប់អន្ទាក់សមត្ថកិច្ច។ ក្នុងនោះដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីជនសង្ស័យនឹងត្រូវបានបញ្ជូនទៅសាលាដំបូងនៅព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៣ ។
យោងតាមរបាយការណ៍ពីនគរបាលស្រុកបរកែវ បានឲ្យដឹងនៅថ្ងៃទី១៣ ខែសីហានេះ ថា ជនសង្ស័យ២នាក់ ១-ឈ្មោះ រម៉ាម បេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ច្រាយមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគីរី និង២-ឈ្មោះ លឹម តុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើតភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ
ខេត្ដកំពងចាម ទាំង២នាក់ មានទីលំនៅបច្ចប្បន្នភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្ដរតនគីរី។
របាយការណ៍បានបញ្ជាក់ទៀតថា ជនរងគ្រោះមាន ឈ្មោះ រម៉ាម ប្យ៉ាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅបច្ចុប្បន្ននៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ
ខេត្ដរតនគីរី។ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពចូលទៅលួចជ្រូករបស់អ្នកភូមិតែមិនបានសម្រេច ហើយពួកគេទាំងពីរនាក់ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ លុះមកដល់វេលាម៉ោង១១ និង០០នាទី ថ្ងៃទី៦ ខែសីហា ជនសង្ស័យឈ្មោះ រម៉ាម បេង បានធ្វើសកម្មភាពឡើងទៅលើផ្ទះជនរងគ្រោះ លួចខ្សែរក១ខ្សែ។ ពេលលួចបានឈ្មោះ រម៉ាម បេង ក៏បានយកខ្សែរក នោះទៅបញ្ជាំនៅផ្សារបរកែវ ក្នុងតម្លៃ៦០០.០០០(ហុកសិបមុឺនរៀល)។
ពេលបានលុយឈ្មោះ រម៉ាម បេង បានឡើងទៅខេត្ដ ហើយបានធ្វើឲ្យជ្រុះក្រដាស់បញ្ជាំនោះបាត់ទៅ។ លុះនៅដល់ថ្ងៃទី៩ ខែសីហាឆ្នាំ២០២៣ ឈ្មោះ រម៉ាម បេង ក៏បានត្រឡប់មកភូមិ និងបានទៅដេកលាក់ខ្លួននៅផ្ទះគេទុកចោលមួយកន្លែងជាមួយឈ្មោះលឹម តុង រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្ដង។
ជនសង្ស័យទាំង២នាក់សមត្ថកិច្ចពុំបានដកហូតវត្ថុតាងអ្វីឡើយ គឺមានតែសំលៀកបំពាក់នៅជាប់នឹងខ្លួនជនតែប៉ុណ្ណោះ។ ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តរតនគិរី ចាត់ការទៅតាមនីតិវិធី៕