លោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោក វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព លោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ, លោក វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។

ជាការឆ្លើយតប លោកកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។ ជាមួយគ្នានេះ លោកកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបទៅនឹងការអញ្ជើញរបស់ភាគីមិត្តចិនទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print