ខេត្តកែប៖ មន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកែប បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ មានករណីទូរថភ្លើងដឹកស៊ីទែនផ្ទុកប្រេងបានរបូត រួចបោកប៉ះទង្គិចគ្នាធ្លាក់ចេញពីផ្លូវបណ្តាលឱ្យអ្នកបើកបរ២នាក់រងរបួស។
មន្ត្រីនគរបាលការិយាល័យចរាចរណ៍ បានឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី១៤ ខែសីហានេះ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
មន្រ្តីដដែលបន្តថា ចំពោះអ្នកបើកបររថភ្លើង២នាក់ ដែលរងរបួសស្រាលនោះ ទី១.ឈ្មោះ គង់ សន ភេទប្រុស អាយុ ៦១ឆ្នាំ។ និងទី២. ឈ្មោះ ព្រាប សុវត្តិ ភេទ ប្រុស អាយុ ៣០ឆ្នាំ។ ទាំង២នាក់មានទីលំនៅក្នុងរាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញរថភ្លើង កំពុងធ្វើដំណើរនៅលេីផ្លូវដែកដោយមានដឹកទូស៊ីទែនដឹកប្រេងជាច្រើន លុះជិះមកដល់ចំណុចកេីតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែរបូតទូស៊ីតែនដឹកប្រេង រួចបោកប៉ះទង្គិចគ្នា ហើយធ្លាក់ចេញពីផ្លូវត្រង់ចំណុចប៉េ.កា១៤៨ ស្ថិតក្នុងភូមិដំណាក់ចង្អើរសង្កាត់ព្រៃធំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាមកត្រងប្រេងដែលធ្លាយហូរចេញពីស៉ីទែន ដោយមិនគិតពីការគ្រោះថ្នាក់ ដល់ជីវិតរបស់ពួកគេនោះឡេីយ។
ជាមួយគ្នានោះ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះហានិភ័យដល់ខ្លួនឯង ព្រោះវាជារឿងគ្រោះថ្នាក់ខ្លាំង ប្រសិនបើមានករណីអគ្គីភ័យកេីតឡេីង។
គួរបញ្ជាក់ថា ក្រោយកេីតហេតុគេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្តរគមន៍ និងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានអគ្គីភ័យនោះទេ គ្រាន់តែខូចខាតក្បាលរថភ្លើង១គ្រឿង ព្រមទាំងស៊ីទែនចំនួន២ ត្រូវបានបែកធ្លាយ បណ្ដាលឱ្យហូរប្រេងចេញមកក្រៅ៕ដោយ៖សហការី