ត្រាក់ទ័រនិងម៉ូតូបុកពេញទំហឹង បណ្តាលអោយមនុស្សស្លាប់២នាក់ និងរបួសស្រាល​ម្នាក់ នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទី​ នៅក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងត្រាក់ទ័រនឹងម៉ូតូបណ្តាលអោយមនុស្សស្លាប់២នាក់ និងរបួសស្រាល​ម្នាក់។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយត្រាក់ទ័រ​១គ្រឿង​ម៉ាកហ្វដ ពណ៌ខៀវ អ្នកបើកបរឈ្មោះ សុិន វុធី​ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូ​១គ្រឿង​ម៉ាកហុងដាឌ្រីម​ ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-5591 អ្នកបើកបរឈ្មោះ អឿន សំភាស់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (របួសធ្ងន់ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) និងអ្នករួមដំណើរចំនួន​២នាក់​ ទី១.ឈ្មោះ អឿន ឧស្សាហ៍ ភេទស្រី អាយុ០៥ឆ្នាំ (របួសធ្ងន់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ) និងទី២.ឈ្មោះ អឿន ចិត្រា ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ ដោយសារអ្នកបើកបរត្រាក់ទ័របត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយភាគីម៉ូតូបុកចំពីមុខពេញមួយទំហឹងតែម្ដង។ 

បច្ចុប្បន្ននគរបាលស្រុកភ្នំព្រឹកបានយកមធ្យោបាយបង្កនិងវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ​ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print