តម្លៃស្រូវឡើងថ្លៃលក់ចេញឱ្យឈ្មួញ ក្នុង១គីឡូក្រាម ចាប់ពី ១,២០០រៀល ដល់ ១,២៥០រៀល​ ធ្វើឱ្យប្រជាកសិករនៅខេត្តព្រៃវែង សប្បាយ​រីករាយ​

ចែករំលែក៖

ខេត្តព្រៃវែង៖ ដោយសារតែតម្លៃស្រូវ ក្នុងរយៈពេលជាង១ខែនេះ បានឡើងថ្លៃខ្ពស់គួរសម ក្នុង១គីឡូក្រាមបានតម្លៃចាប់ពី ១,២០០រៀល ដល់១,២៥០រៀល​ បានធ្វេី​ឱ្យ​ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែនៅខេត្តព្រៃវែង សម្ដែង​ការ​សប្បាយ​រីករាយ​ក្រៃលែង​។

ជាក់ស្ដែង​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង​ បានថ្លៃងឱ្យនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះថា ការផលិតកម្មដំណាំស្រូវរដូវវស្សា (គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣) អនុវត្តបានលើផ្ទៃដី ព្រោះសរុប ២៥៤,៦៤៧ ហិកតា (ស្ទូងគ្មាន) ស្មើនឹង១០១,៨៦% នៃផែនការ ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង២,៩៥៩ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលស្រូវស្រាលដើមរដូវអនុវត្តបាន ៦០,៥៦០ហិកតា ស្មើនឹង២៣,៧៨% នៃផ្ទៃដីអនុវត្តបាន ២៥៤,៦៤៧ហិកតា បរិមាណផលសរុប ២៦៦,៥៦៣តោន។  

លោកប្រធានមន្ទីររូបនេះ​ បានបញ្ជាក់ថា បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សរុបមានចំនួន ១,៤៩៥,៧២៩តោន(រួមទាំងស្រូវឆ្លងកាត់) តម្លៃស្រូវជាមធ្យម៖ ស្រូវ IR50404 តម្លៃ១ ២០០រៀល/គីឡូក្រាម ស្រូវ OM5451 តម្លៃ១ ២៥០រៀល/គីឡូក្រាម ចំណូលសរុប ៣៦៣,៩៥៣,៦៨៦ដុល្លារ។

ទន្ទឹមនឹងការឡើងថ្លៃតម្លៃស្រូវនេះប្រជាពលរដ្ឋក៏បានលើកឡើង អំពីតម្លៃជី ប្រេង ក៏បានឡើងថ្លៃដែរ ដូច្នេះការចំណេញបានតិចតួចប៉ុណ្ណោះ តែក៏គ្រាន់បើជាងមុនខ្លះដែរ។ សូមបញ្ជាក់ថា ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកពីរសំខាន់ គឺច្រកទ្វាអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print