ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល(Postpartum depression)៖ មូលហេតុ រោគសញ្ញា ការការពារ និងការព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បង្កឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន។ មានករណីជាច្រើនដែលស្រ្តីធ្លាក់ចូលក្នុងស្ថានភាពជម្ងឺធ្លាក់ទឹកចិត្តតែមិនត្រូវបានដឹង និងព្យាបាលទាន់ពេលវេលា ក៏ឈានដល់ការបញ្ចប់ជីវិតខ្លួនឯង និងថែមទាំងនាំយកជីវិតកូនទៅជាមួយ។ នេះជាការលើកឡើងរបស់ វេជ្ជបណ្ឌិត ទន់ សុវ៉ាន់រ៉ា នៅលើផេកផ្លូវការ វេជ្ជបណ្ឌិត កម្ពុជា ។

ហេតុអ្វីបានជាជំងឺធ្លាក់ទឹកចិត្តត្រូវបានគេចាត់ទុកថាជាឃាតករស្ងៀមស្ងាត់?

1. តើជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលគឺជាអ្វី?
ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល (PPD)គឺជាស្ថានភាពមួយដែលស្ត្រីមានការប្រែប្រួលសតិអារម្មណ៍ ផ្លាស់ប្តូរទាំងផ្លូវកាយ ផ្លូវចិត្ត និង អាកប្បកិរិយាបន្ទាប់ពីសម្រាលកូនរួច។ ពួកគេច្រើនតែមានគំនិតអវិជ្ជមាន អស់កម្លាំង ឆាប់ខឹង ធុញទ្រាន់ បារម្ភពីបញ្ហាជាច្រើនក្នុងជីវិត។
បំរែបំរួលនេះងាយនឹងជួបចំពោះអ្នកម្តាយគ្រប់រូប ប៉ុន្តែមានអត្រាខ្ពស់បំផុតចំពោះស្ត្រីដែលសម្រាលកូនជាលើកដំបូងហើយជាធម្មតាជម្ងឺច្រើនវិវត្តន៍នៅក្នុងឆ្នាំដំបូងក្រោយសម្រាល។ យោងតាមស្ថិតិជាច្រើនបង្ហាញថាប្រហែល 10-20%នៃស្ត្រីបន្ទាប់ពីសម្រាលកូនបានធ្លាក់ចូលទៅក្នុងស្ថានភាពបំរែបំរួលផ្លូវចិត្តនិងជំងឺធ្លាក់ទឹកចិត្ត។ ក្នុងនោះមាន15%ករណីកើតជំងឺធ្លាក់ទឹកចិត្តក្នុងរយៈពេល៣ខែដំបូងក្រោយសម្រាល និង15-25%កើតឡើងក្នុងឆ្នាំដំបូងបន្ទាប់ពីសម្រាលរួច។
ជំងឺធ្លាក់ទឹកចិត្តអាចមានកម្រិតស្រាល មធ្យម ឬធ្ងន់ធ្ងរ អាចជាទៅវិញដោយខ្លួនឯង ប៉ុន្តែក៏មានករណីធ្ងន់ធ្ងរជាច្រើនមិនបាន ព្យាបាលទាន់ពេលវេលា នាំឱ្យស្ត្រីបាត់បង់ការគ្រប់គ្រងសតិក៏ឈានដល់ការសម្លាប់ខ្លួន ឬដល់ថ្នាក់បញ្ចប់ជីវិតទាំងខ្លួនឯង និង កូនក៏មាន។

2. មូលហេតុបណ្តាលឱ្យធ្លាក់ទឹកចិត្តក្រោយសម្រាល
មកដល់បច្ចុប្បន្ន វិទ្យាសាស្រ្តមិនទាន់សន្និដ្ឋានបានពីមូលហេតុ ដែលនាំឱ្យកើតជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូនរបស់ស្ត្រីនោះទេ ព្រោះវាអាស្រ័យលើរាងកាយ ផ្លូវចិត្ត និងស្ថានភាពជាក់ស្តែងរបស់ស្ត្រីនីមួយៗ។ ទោះបីជាយ៉ាងណា គេក៏អាចសន្និដ្ឋានបានថាមានកត្តាមួយចំនួនមានជាប់ពាក់ព័ន្ធនឹងជម្ងឺនេះគឺ៖ ការប្រែប្រួលអ័រម៉ូន ប្រវត្តិជំងឺផ្លូវចិត្ត និងផ្លូវអារម្មណ៍ កត្តាជីវិត…។
• ការផ្លាស់ប្តូរអ័រម៉ូន៖ នៅពេលដែលស្ត្រីមានផ្ទៃពោះ កម្រិតនៃអរម៉ូនភេទស្រី estrogen និង progesterone កើនឡើងខ្ពស់។ ក្រោយពេលសម្រាលកូនរួចកម្រិតអរម៉ូននេះបានធ្លាក់ចុះយ៉ាងរហ័សមកធម្មតាវិញ។ ការសិក្សាបង្ហាញថាការផ្លាស់ប្តូរភ្លាមៗនេះអាចបណ្តាលអោយមានកជម្ងឺធ្លាក់ទឹកចិត្តចំពោះស្ត្រីមានផ្ទៃពោះនិងក្រោយពេលសម្រាល។
• ប្រវត្តិជំងឺផ្លូវចិត្ត៖ ជំងឺបំរែបំរួលផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្តអាចកើតឡើងវិញ ដូច្នេះចំពោះស្ត្រីដែលធ្លាប់មានប្រវត្តិជំងឺធ្លាក់ទឹកចិត្តមុន ឬអំឡុងពេលមានផ្ទៃពោះ គឺមានហានិភ័យខ្ពស់កើតជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។
• សុខភាពថយចុះ៖ ស្ត្រីក្រោយសម្រាលមានសុខភាពខ្សោយ ការឈឺចាប់អំឡុងពេលសម្រាល បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ស្ត្រី។ ការឈឺចាប់អូសបន្លាយ គួបផ្សំនឹងការហត់នឿយខិតខំថែទាំកូនដែលទើបនឹងកើត ធ្វើឱ្យកើតចេញនូវអារម្មណ៍តប់ប្រម៉ល់ ឆាប់ខឹង បង្កើនអារម្មណ៍ធុញទ្រាំទាំងខ្លួនឯង និងទារក។
• កត្តាសេដ្ឋកិច្ច និងជីវិតរស់នៅ ៖ កត្តាសេដ្ឋកិច្ច និងជីវិតប៉ះពាល់ដល់ចិត្តសាស្ត្ររបស់ស្ត្រីក្រោយសម្រាលកូន។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារលំបាក ជីវភាពរស់នៅចង្អៀត ខ្វះការមើលថែចែករំលែកទុក្ខលំបាកពីស្វាមី និងញាតិមិត្ត មានសម្ពាធលើទំនៀម ទម្លាប់ក្រោយសម្រាល ការខ្វែងគំនិតគ្នារវាងគោលគំនិតនៃការចិញ្ចឹមកូនតូចទៅតាមជំនាន់ បង្កឱ្យស្ត្រីមានអារម្មណ៍អវិជ្ជមាន នឹងនាំឱ្យកើតជាជំងឺធ្លាក់ទឹកចិត្ត។
ក្រៅពីនេះ កត្តាប្រឈមមួយចំនួនដែលបង្កើនហានិភ័យ កើតជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលរបស់ស្ត្រី រួមមាន៖
• អាយុពេលមានផ្ទៃពោះ (អាយុកាន់តែតិច អត្រានៃការធ្លាក់ទឹកចិត្តកាន់តែខ្ពស់);
• មានការខ្វែងគំនិតក្នុងការមានផ្ទៃពោះ;
• ប្រវត្តិគ្រួសារមានមានអ្នកកើតជម្ងឺផ្លូវចិត្ត;
• ជួបប្រទះស្ថានភាពតានតឹងខ្លាំង ដូចជាការបាត់បង់ការងារ ឬវិបត្តិសុខភាព។
• ទារកកើតមកខ្សោយ ងាយកើតជម្ងឺ ឬមានពិការភាពពីកំណើត មានបញ្ហាសុខភាពច្រើន
• ស្ត្រីសម្រាលកូនភ្លោះ ឬកូនភ្លោះបី ឬមានកូនច្រើនហើយតែនៅកើតថែមទៀត;
• រស់នៅតែម្នាក់ឯង ខ្វះការជួយជ្រោមជ្រែង
• ទាស់ទែង ឬលែងលះក្រោយពេលសម្រាលកូន អំពើហិង្សាក្នុងគ្រួសារ;
• គេងមិនគ្រប់គ្រាន់ដោយសារមើលថែកូន; ព្រួយបារម្ភ និងមិនទុកចិត្តអំពីសមត្ថភាពចិញ្ចឹមកូនរបស់ខ្លួន;
• បារម្ភពីរូបរាង ឡើងទម្ងន់គ្រប់គ្រងមិនបាន ឬស្រកទម្ងន់ក្រោយសម្រាល…។

3.រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះស្ត្រីក្រោយពេលសម្រាលកូន
ស្ត្រីដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលគឺពិបាកមើលដឹង រហូតដល់ពេលពួកគេបង្ហាញនូវអាកប្បកិរិយា,អារម្មណ៍អវិជ្ជមាន ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ គ្រប់គ្រួសារដែលមាន ស្ត្រីទើបនឹងសម្រាលគួរយកចិត្តទុកដាក់ចំពោះសញ្ញាចាប់ផ្តើមនៃការធ្លាក់ទឹកចិត្តដូចខាងក្រោម៖

• ផ្លាស់ប្តូរសតិអារម្មណ៍,ឥរិយាបទ,ធុញទ្រាំ, ស្មុគស្មាញ, ស្រងោះស្រងោច;
• យំច្រើន;
• មិនសូវនិយាយ, គេចឆ្ងាយពីក្រុមគ្រួសារនិងមិត្តភក្តិ;
• ណាយអាហារឬបរិភោគច្រើនជាងធម្មតា;
• គេងមិនលក់ជាប្រចាំឬគេងច្រើនពេក;
• អស់កម្លាំងខ្លាំង;
• ការគិត សកម្មភាព ប្រតិកម្មយឺត ឬច្រំដែល;
• គ្មានចំណាប់អារម្មណ៍ ឬភាពរីករាយជាមួយសកម្មភាពជុំវិញខ្លួន ឬរបស់ដែលគេធ្លាប់ចូលចិត្ត
• ឆាប់មួម៉ៅ, ចិត្តអាក្រក់ និងឆាប់ខឹង;
• ថប់បារម្ភខ្លួនឯងមិនមែនជាម្តាយល្អ;
• មិនមានក្តីរំភើបលើទារកឬមានអារម្មណ៍ថាទារកមិនមែនជាកូនខ្លួន;
• ការចងចាំខ្សោយ ថយចុះសមត្ថភាពក្នុងការគិតផ្តោតអារម្មណ៍ ឬធ្វើការសម្រេចចិត្ត;
• គិតចង់ធ្វើបាបខ្លួនឯងឬទារក;
• តែងតែគិតអំពីការស្លាប់ ឬការធ្វើអត្តឃាត…។

4.ប្រភេទទូទៅនៃជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល
ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឆ្លងកាត់ដំណាក់កាល និងកម្រិតផ្សេងៗគ្នាជាច្រើន។ កម្រិតស្រាលបំផុតគឺការយំយែក និង អារម្មណ៍ស្រងោះស្រងោច (Baby blues) ការធ្លាក់ទឹកចិត្តក្រោយសម្រាល និងចុងក្រោយជំងឺផ្លូវចិត្តក្រោយសម្រាល។
a. Baby blues
មានរហូតដល់ 30-80% នៃម្តាយទើបសម្រាលមានសញ្ញា ជម្ងឺ Baby blues ក្នុងរយៈពេលខ្លីបន្ទាប់ពីទារកកើត។ រោគសញ្ញារបស់ម្តាយមាន ព្រួយបារម្មណ៍, យំ, គេងមិនលក់, អស់កម្លាំង, អារម្មណ៍ស្រងោះស្រងោច និងទុក្ខព្រួយមានរយៈពេលពី 3-10 ថ្ងៃបន្ទាប់ពីការសម្រាលកូនហើយ និងបញ្ចប់ក្នុងអំឡុងពេល 2 សប្តាហ៍។ ប្រសិនបើវាមានរយៈពេលយូរជាងនេះ នោះម្តាយអាចនឹងមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។
b. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល
យោងតាមស្ថិតិប្រហែល 10% នៃម្តាយដែលសម្រាលកូនរួចមានរោគសញ្ញានេះ ហើយតែងកើតឡើងក្រោយ សប្តាហ៍ទី3បន្ទាប់ពីសម្រាល ហើយអូសបណ្លាយរយៈពេលយូរ។ រោគសញ្ញាព្រមាន ដូចជា៖ យំញឹកញាប់ ខ្វះការផ្តោតអារម្មណ៍ ពិបាកក្នុងការសម្រេចចិត្ត ខ្វះទំនុកចិត្ត ធុញថប់ខ្លួនឯង និងគិតចង់ធ្វើអត្តឃាត។
c.ជំងឺបំរ៉ែបំរួលផ្លូវចិត្តក្រោយសម្រាល
ជំងឺផ្លូវចិត្តក្រោយពេលសម្រាលតែងតែកើតមានចំពោះស្ត្រីដែលមានប្រវត្តិកើតជម្ងឺផ្លូវចិត្ត ឬមានសមាជិកគ្រួសារមានជំងឺផ្លូវចិត្ត ឬជំងឺវិកលចរិក។ ជំងឺនេះចាប់ផ្តើមក្នុងរយៈពេល 2 សប្តាហ៍ដំបូងបន្ទាប់ពីសម្រាល មានអត្រាខ្ពស់បំផុតនៅអំឡុងពី 1-3 ខែបន្ទាប់។ ស្ត្រីមានផ្ទៃពោះនឹងមានរោគសញ្ញាដូចជា ឆាប់ខឹងក្រោធ ច្របូកច្របល់ បាត់បង់ការចងចាំ គេងមិនលក់ និងព្រួយបារម្មណ៍។ យូរទៅនឹងឈានទៅដល់ការវង្វេងវង្វាន់ ភាន់ច្រឡំ និងធ្វើអត្តឃាតខ្លួនឯង។
d.ការធ្លាក់ទឹកចិត្តនៅឪពុក
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះឪពុករបស់ទារកជារឿយៗមិនមានការកត់សម្គាល់ឡើយ។ មូលហេតុនៃការធ្លាក់ទឹកចិត្តក្រោយសម្រាលចំពោះបុរសនិងស្ត្រីគឺដូចគ្នារួមមានការផ្លាស់ប្តូរ: ទំនាក់ទំនងអាពាហ៍ពិពាហ៍ សតិអារម្មណ៍ កង្វះទំនុកចិត្តលើការធ្វើជាឪពុកម្តាយគេ។ ជាពិសេសប្រសិនបើប្រពន្ធមានជំងឺបាក់ទឹកចិត្ត ប្តីក៏មានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះដែរ។

5.តើធ្វើដូចម្តេចដើម្បីព្យាបាល និងការពារជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល?
ដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ប្រកបដោយប្រសិទ្ធភាព ទាមទារការសហការពីស្វាមី ក្រុមគ្រួសារ និងមិត្តភ័ក្តិ ជាមួយនឹងវេជ្ជបណ្ឌិត ព្យាបាលជម្ងឺផ្លូវចិត្ត។ ប្រសិនបើកម្រិតស្រាល អាចនិយាយលើកទឹកចិត្ត ថែទាំ និងចែករំលែកជាមួយស្ត្រីក្រោយពេលសម្រាលកូននៅផ្ទះ ប៉ុន្តែនៅពេលដែលរោគសញ្ញាមិនប្រសើរឡើង ឬបន្តកើតមានលើសពី 1 សប្តាហ៍ សូមស្វែងរកជំនួយពីវេជ្ជបណ្ឌិត។
ខាងក្រោមនេះជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព សម្រាប់ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ៖
a.ការព្យាបាលដោយថ្នាំ
ដើម្បីព្យាបាលការធ្លាក់ទឹកចិត្តក្រោយសម្រាលប្រកបដោយប្រសិទ្ធភាព រឿងដែលសំខាន់គឺធ្វើរោគវិនិច្ឆ័យជម្ងឺត្រឹមត្រូវ ។ ដោយផ្អែកលើស្ថានភាពរបស់អ្នកជំងឺ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាមាន ថ្នាំសម្រួលអារម្មណ៍ និងថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្តសម្រាប់ការព្យាបាលសមស្រប។
ការព្យាបាលដោយថ្នាំជាធម្មតាមានរយៈពេល 3-4 សប្តាហ៍ សញ្ញាធ្លាក់ទឹកចិត្តក្រោយសម្រាលនឹងបានប្រសើរឡើង។ ប៉ុន្តែថ្នាំនេះអាចបណ្តាលឱ្យមានផលរំខានមួយចំនួនដូចជា ស្ងួតមាត់ ងងុយគេងជាដើម។
ករណីមួយចំនួនមិនឆ្លើយតបនឹងថ្នាំ ឬប្រតិកម្មផ្ទុយទៅនឹងការព្យាបាល ធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ចាំបាច់ត្រូវជូនដំណឹងទៅវេជ្ជបណ្ឌិតដើម្បីផ្លាស់ប្តូរកម្រិតថ្នាំ ឬប្រភេទថ្នាំ។
b.ការព្យាបាលដោយមិនប្រើថ្នាំ
ការព្យាបាលការធ្លាក់ទឹកចិត្តក្រោយសម្រាលជាមួយនឹងវិធីចិត្តសាស្ត្រគឺត្រូវបានផ្តល់អត្ថភាពជាង ជួយស្ត្រីក្រោយសម្រាលជាច្រើនជំនះនូវបញ្ហាផ្លូវចិត្តបានយ៉ាងឆាប់រហ័ស។
ក្នុងករណីភាគច្រើននៃជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាល គ្រាន់តែប្រឹក្សាផ្លូវចិត្ត ចែករំលែក យកចិត្តទុកដាក់ និងការគាំទ្រពីមនុស្សជុំវិញខ្លួនក៏នឹងជួយឱ្យស្រ្តីយកឈ្នះលើជំងឺនេះផងដែរ។
ជួនកាលការព្យាបាលមានការរួមផ្សំគ្នារវាងការប្រើថ្នាំជាមួយនឹងការព្យាបាលចិត្តសាស្ត្រ ។
c.វិធានការកែលម្អខ្លួនឯង
ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលភាគច្រើនកើតចេញពី ការគិតអវិជ្ជមាន ភាពធុញទ្រាន់ និងការបារម្មណ៍របស់ម្តាយ។ រោគសញ្ញានៃជម្ងឺអាចត្រូវបានដោះស្រាយដោយ វិធានការសាមញ្ញ ការផ្លាស់ប្តូររបៀបរស់នៅដូចជា៖

• រៀនលំហែអារម្មណ៍៖ ការលំហែអារម្មណ៍ រីករាយ ស្រស់ស្រាយ ជាដើម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្តាយក្រោយសម្រាល ដើម្បីជំនះនៅក្នុងដំណាក់កាលផ្លាស់ប្តូរដ៏លំបាកនេះនេះ។ សូមរក្សាចំណង់ចំណូលចិត្តរបស់អ្នកជាមួយនឹងការងារណាដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា កុំឱ្យអត់ងងួយ ទទួលទានរបបអាហារតាមបែបវិទ្យាសាស្ត្រ និងឱ្យបានគ្រប់គ្រាន់ដើម្បីរក្សាសុខភាព។
• បណ្ធូរអារម្មណ៍៖ ចែករំលែកបញ្ហាជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តបានជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត និងស្វែងរកដំណោះស្រាយប្រសើរជាងមុនចំពោះបញ្ហាក្នុងជីវិត។ ចូរធ្វើបែបនេះមុនពេលសម្ពាធផ្លូវចិត្តខ្លាំងពេកដែលបណ្តាលឱ្យធ្លាក់ទឹកចិត្តក្រោយសម្រាល។
• គេងឲ្យបានច្រើន៖ ម្តាយភាគច្រើនក្រោយពេលសម្រាលកូនក្នុងប៉ុន្មានខែដំបូងជួបប្រទះបញ្ហា គេងមិនលក់ គេងមិនបានគ្រប់គ្រាន់ដោយសារមើលថែកូន។ ត្រូវសុំជំនួយពីប្តី និងឪពុកម្តាយរបស់អ្នក ដើម្បីអ្នកមានពេលគេងបានច្រើន ជៀសវាងជំងឺធ្លាក់ទឹកចិត្ត។
• លំហាត់ប្រាណស្រាលៗ៖ ការលំហាត់ប្រាណជួយឱ្យរាងកាយបញ្ចេញអរម៉ូន ជួយឱ្យសុខភាពផ្លូវចិត្តរឹងមាំ សុខភាពកាន់តែប្រសើរឡើង និងរុញច្រានហានិភ័យនៃជំងឺ។
• ជឿជាក់លើខ្លួនឯង៖ រឿងដ៏សំខាន់ដើម្បីការពារជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ម្តាយខ្លួនឯងត្រូវដឹងឱ្យច្បាស់ពីតួនាទីរបស់ខ្លួន និងជឿជាក់លើខ្លួនឯង។ អ្នកមានសមត្ថភាពចិញ្ចឹមកូន និងជួយពួកគេអភិវឌ្ឍដោយផ្អែកលើសភាវគតិជាមាតារបស់អ្នក ក៏ដូចជាការរៀនសូត្រពីមនុស្សជុំវិញខ្លួន។ ដូច្នេះកុំបារម្ភខ្លាំងពេក ឬបន្ទោសខ្លួនឯងរាល់ពេលកូនរបស់អ្នកមានបញ្ហា ឬឈឺ។
បន្ថែមពីលើការផ្លាស់ប្តូរពីស្ត្រីខ្លួនឯង សមាជិកគ្រួសារ ជាពិសេសស្វាមីមានទួនាទីយ៉ាងសំខាន់ ជះឥទ្ធិពលយ៉ាងខ្លាំងដល់បញ្ហាធ្លាក់ទឹកចិត្តក្រោយសម្រាល។ សូមពិភាក្សា យកចិត្តទុកដាក់ ថែទាំ និងចែករំលែកជាមួយប្រពន្ធពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនឱ្យបានច្រើន ដើម្បីកាត់បន្ថយសម្ពាធផ្លូវចិត្ត ក៏ដូចជាការពារជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print