ក្រោយរងការរិះគន់ ប្រធានគ្រប់គ្រងគ្រោះអាសន្ននៃកោះ Maui នៅរដ្ឋហាវ៉ៃ លាលែងពីតំណែង

ចែករំលែក៖

ក្រោយការរិះគន់ជុំវិញមហន្តរាយភ្លើងឆេះព្រៃដែលផ្តាច់ជីវិតមនុស្សលើសពី១១០នាក់ នៅពេលនេះ មន្ត្រីគ្រប់គ្រងកោះ Maui បានសម្រេចលាលែងចេញពីតំណែង។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា ប្រធានផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ម៉ាវអ៉ីខោនធី (Maui County) នៃរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក លោក ហឺម៉ាន អានដាយ៉ា (Herman Andaya) ដែលបានទទួលរងការរិះគន់ពីសំណាក់ប្រជាជននិងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ជុំវិញចំណាត់ការឆ្លើយតបចំពោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១១១នាក់ នៅលើកោះ Maui គឺបានលាលែងពីតំណែងហើយ កាលពីថ្ងៃ១៧ខែសីហានេះ។

សេចក្តីថ្លែងការណ៍ពីអភិបាលតំបន់ Maui County លោក រីឆាដ ប៊ីស្សិន (Richard Bissen) បានលើកពីកត្តាសុខភាពជាហេតុផលនៅពីក្រោយ ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Andaya។ លោក Bissen បានបន្តទៀតថា «ដោយសារស្ថានភាពធ្ងន់ធ្ងរ នៃវិបត្តិដែលយើងកំពុងប្រឈម គឺក្រុមការងាររបស់ខ្ញុំនិងរូបខ្ញុំផ្ទាល់ នឹងស្វែងរកបុគ្គលម្នាក់ថ្មីមកជំនួសតួនាទីសំខាន់នេះឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ហើយខ្ញុំរំពឹងថានឹងធ្វើសេចក្តីប្រកាសនោះ នាពេលឆាប់ៗខាងមុខនេះ»។
ការលាលែងពីតួនាទីខាងលើនេះកើតមាននៅមួយថ្ងៃបន្ទាប់ពីលោក Andaya បានបង្ហាញមុខជាលើកដំបូងក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនៅរយៈពេលទាល់តែជាង១សប្តាហ៍មកហើយ ក្រោយភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញឬបង្កការខូចខាតចំពោះសំណង់អគារប្រមាណ២,២០០ខ្នង ខណៈទំហំនៃការខូចខាតសរុបត្រូវបានវាយតម្លៃជាទឹកប្រាក់គឺស្មើនឹងខ្ទង់៥.៥ពាន់លានដុល្លារ។ ប្រជាជនមួយចំនួន បានលើកឡើងថា ជីវិតមនុស្សជាច្រើននាក់ ប្រហែលអាចត្រូវបានជួយសង្រ្គោះ ប្រសិនបើស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើង ប៉ុន្តែខាងទីភ្នាក់ងាររបស់លោក Andaya បានជ្រើសរើសមិនប្រើប្រាស់ពួកវាក្រោមហេតុផលថា ការធ្វើយ៉ាងដូច្នេះមុខជានឹងគ្មានប្រសិទ្ធភាព ហើយកាន់តែបង្កើនភាពច្របូកច្របល់។
ទីក្រុងរីសតប្រវត្តិសាស្រ្ត ឡាហៃណា (Lahaina) ដែលជាកន្លែងទេសចរណ៍ពេញនិយម ស្ថិតនៅលើកោះ Maui ត្រូវបានភ្លើងលេបត្របាក់សឹងតែគ្មានសល់អ្វី។ ភ្លើងឆេះព្រៃកំណាចនោះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុន។ រីឯប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថា រដ្ឋាភិបាលសហព័ន្ធមានការប្តេជ្ញាយ៉ាងរឹងមាំ ដើម្បីជួយប្រជាជននៅកោះ Maui ងើបឡើងពីគ្រោះមហន្តរាយនេះវិញ ខណៈដែលលោកគ្រោងធ្វើដំណើរមកកាន់រដ្ឋហាវ៉ៃ នាថ្ងៃចន្ទសប្តាហ៍ក្រោយ៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print