ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះថា សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវបានកំណត់ដូចមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់ ត្រង់ជំពូក២ ស្តីពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។
ក្រសួង បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ ជំពូក២ ស្តីពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវបានកំណត់ដូចខាងក្រោម៖
១- ក្រសួងសាធារណការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ។
២- ក្រសួងអភិវឌ្ឍន៍ជនបទមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវជនបទ និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ។
៣- រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានា ក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ និងថវិកាដែលបានកៀរគរពីប្រភពផ្សេងទៀត និងផ្លូវផ្សេងទៀតតាមការផ្ទេរមុខងារ ពីក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្លូវផ្សេងទៀតក្រោយពីមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល ។
បន្ថែមពីនេះ ក្រសួង ក៏បានបញ្ជាក់ដែរថា ការបែងចែកសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផ្សេងទៀត ត្រូវកំណត់ដោយរាជរដ្ឋាភិបាល៕ដោយ៖សហការី