ខេត្តប៉ៃលិន៖ លោកអភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣បានដឹកនាំមន្ត្រីរដ្ឋបាលក្រុងប៉ៃលិននិងមានការអញ្ចើញចូលរួមពីមន្ត្រីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាជ្ញាធរសង្កាត់ទួលល្វា វិស្វករជំនាញ បានចូលរួមត្រួតពិនិត្យការធ្វើតេស្តគុណភាពផ្លូវបេតុងអាមេ៉មួយខ្សែមានបណ្តោយប្រវែង៦៧០ម៉ែត្រគុណនឹងទទឹង៦ម៉ែត្រ
កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី(ADB)។
លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា រហូតមកដល់ពេលនេះផ្លូវបេតុងនៅក្នុងក្រុងប៉ៃលិនកាន់តែរីកស្គុសស្គាយគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន ដែលបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ និងដឹកកសិផលចេញចូលយ៉ាងរលូនផងដែរ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណា សូមឱ្យប្រជាពលរដ្ឋក៏ដូចជាឈ្មួញ ជួយថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង ដោយមិនត្រូវដឹកទំនិញលើសទម្ងន់ដែលនាំឱ្យបាក់បែកឬស្រុតផ្លូវនោះឡើយ។
ម្យ៉ាងវិញទៀត ខាងលោកតែងតែណែនាំដល់ឈ្មួញដែលរកស៊ីដឹកដែកស៊ីម៉ងត៍ឬទំនិញធ្ងន់ៗឱ្យផ្ទេរត្រង់ផ្លូវវាងក្រុងដាក់ទៅលើរថយន្តតូចៗ រួចសឹមដឹកយកទៅដាក់តាំងលក់នៅខាងក្នុង ព្រោះបើដឹកធ្ងន់លើសកំណត់អាចនឹងបង្កឱ្យឆាប់ខូចផ្លូវបេតុងក៏ដូចជាផ្លូវលំផ្សេងៗទៀតផងដែរ៕ដោយ៖ស សារ៉េត