បញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ទៅកាន់តុលាការហើយ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត៨គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលជំនាញការិយាល័យទី៣នៃមន្ទីរប្រឆាំងបទល្មើសជួញដូរគ្រឿងញៀនបានបញ្ជូនខ្លួនឧក្រិដ្ឋជនជនជាតិចិន(តៃវ៉ាន់)ម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់ដកហូតគ្រឿងញៀនជិត៨គីឡូក្រាមទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១និង៤០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងវត្ថុតាងមួយចំនួន។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់) និងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទកេតាមីនចំនួន៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម, ទូរស័ព្ទ ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print