ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីមនុស្សធ្វេីអត្តឃាត (ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក សាកសពជនរងគ្រោះឈ្មោះ ផុន ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ឆ្លងតាមការបំភ្លឺរបស់ម្តាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សៅ សារ៉ាត់ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថាកូនស្រីរបស់ខ្លួនមានជម្ងឺប្រចាំកាយ (មហារីកស្បូន) រយៈពេល០៤ឆ្នាំមកហើយ។
លុះនៅថ្ងៃទី២០ ខែសីហាម្សិលមិញនេះ វេលាម៉ោងប្រហែល ០១និង០៥នាទីរសៀល ខ្លួនភ្ញាក់ពីដេកក៏បានបាត់កូនស្រីរបស់ខ្លួន បន្ទាប់មកខ្លួនក៏បានដើររក ក៏ស្រាប់តែឃើញកូនរបស់ខ្លួនចងកនៅនឹងមែកស្វាយស្លាប់បាត់បង់ជីវិតទៅហើយ នៅចំណុចក្រុមទី១៨ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ផុន ផល្លី ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖អរុណរះ