ភ្នំពេញ៖ ជនសង្ស័យ៤ទៅ៥នាក់បានឈរស្ទាក់និងវាយជនរងគ្រោះម្នាក់ក្នុងចំណោមគ្នា២នាក់បណ្ដាលឲ្យរងរបួសបែកក្បាល(របួសស្រាល) រួចប្លន់យកម៉ូតូហង់ដាឌ្រីមស៊េរី២០១៥ បានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោល។
ក្នុងករណីប្លន់ខាងលើនេះបានកើតឡើងកាលនៅវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវR6 កែងនិងផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះឈន សាមឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្នោត”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហង់ដាឌ្រីមស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV.7596 ។
តាមសំម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពលកើតហតុគឺ រូបគាត់និងមិត្តភ័ក្ត្រម្នាក់ទៀតបានជិះម៉ូតូមកពីលេងបងប្អូននៅម្ដុំផ្លូវទំនប់៧០ ខណ្ឌឬស្សីកែវ ហើយបានត្រឡប់មកផ្ទះជួលរបស់ខ្លួនដែលនៅផ្សារអូរឬស្សី៤ ខណ្ឌ៧មករា ដោយជិះឌុបគ្នាតាមបណ្ដោយផ្លូវR6 ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ៤ទៅ៥នាក់បានឈរស្ទាក់ពីមុខនិងវាយជនរងគ្រោះម្នាក់ក្នុងចំណោមគ្នា២នាក់បណ្ដាលឲ្យរងរបួសបែកក្បាល(រងរបួសស្រាល) រួចប្លន់យកម៉ូតូបានសម្រេច ហើយនាំគ្នាជិះនិងគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលរកមុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕
ដោយ៖ជីម ភារ៉ា ដង្កោ