៧ខែ ក្នុងឆ្នាំ២០២៣នេះ! ការនាំចេញកម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាមេរិក កើនឡើង ២១%

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បានលើកឡើងថា៖​ ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាម៉េរិក កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ការថ្លែងបែបនេះ​របស់​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វេីឡេីង​ក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់ (RCEP: PART 1—GEO-POLITICAL, GEO-ECONOMIC AND LEGAL ANALYSIS)» នៅសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CAMTECH University) កាលពីថ្ងៃទី​១៩​ ខែសីហា​ថ្មីៗនេះ​ ដោយមានការចូលរួមពី លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងលោកសាស្រ្តចារ្យ​បណ្ឌិត ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាសិប គឺជា​ប្រធាន​បទ​ដែល លោក ស្រលាញ់ពេញចិត្តយ៉ាងខ្លាំងក្នុង​អាណត្តិជារដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។​ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ាជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។

លោករដ្ឋមន្ត្រី បានលើកឡើងថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក។ អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥% នៃការវិនិយោគសកល។

...

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី ជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ ហើយក៏អាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print