សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋសភា​ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨៣០នាទី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជា ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ដោយមានវត្តមានរបស់ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អង្គទូតនានាប្រចាំព្រះ- រាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងវត្តមានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧។

នៅក្នុងឱកាសដ៏មហានក្ខតឫក្សថ្លៃថ្លានេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងព្រះរាជសុន្ទរកថា ក្នុងឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យប្រជុំដំបូង របស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី តំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវក្ដីសោមនស្ស រីករាយ ចូលរួមអបអរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែល ប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។

ព្រះករុណាព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមាន អំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជា ធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។

តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែម ទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមាន ការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែល រដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់ សង្គមជាតិ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាល កម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធ ការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍ វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ ដើម្បីសម្រេច ភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរ លើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ព្រះអង្គក៏បានប្រសិទ្ធពរដល់រដ្ឋសភានីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល។

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងជាព្រះរាជកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត ក្នុងនីតិកាលទី៧នៃរដ្ឋសភា មុនពេលព្រះអង្គស្ដេចយាងនិវត្តទៅកាន់ព្រះបរមរាជវាំងវិញ។

បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧រួចមក នៅព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជា ព្រឹទ្ធសមាជិករដ្ឋសភា បានបន្តដឹកនាំសម័យ ប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដោយមានលេខាធិការអង្គប្រជុំ ចំនួន ៥រូប ជាបេក្ខជន ជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានអាយុតិចជាងគេ ជាជំនួយការ។ របៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ មានរបៀបវារៈចំនួន ២ គឺ​៖

*១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានអាននូវបញ្ជី បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ តាមលំដាប់អាយុពីខ្ពស់មកទាប ដូចមានភា្ជប់ មកជាមួយនូវ សេចក្តីប្រកាសស្តីពីការសម្រេចនៃសុពលភាពនៃអាណត្តិរបស់តំណាងរាស្ត នីតិកាលទី៧ នៃរដ្ឋសភា ។

*២- ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។

អង្គរដ្ឋសភាបានធ្វើអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ទាំងមូល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងអញ្ជើញ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រនីតិកាលទី៧ទាំងអស់ ធ្វើសច្ច ប្រណិធានមុនចូលកាន់តំណែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០រសៀល នៅព្រះបរមរាជវាំង។

...

សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្ត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨០០ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈ- កម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print