អាជ្ញាធរខេត្តប្រជុំពិភាក្សាការងារស្ដីអំពីវឌ្ឍនភាពការងារនិងផ្ដល់កិច្ចសហការក្នុងការជួយពន្លឿនដោះស្រាយផលប៉ះពាល់គម្រោងជីកស្ដារប្រឡាយកំពង់សីមា ក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសធារណការនិងដឹកជញ្ជូន និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីអំពីវឌ្ឍនភាពការងារ និងផ្ដល់កិច្ចសហការក្នុងការជួយពន្លឿនដោះស្រាយផលប៉ះពាល់គម្រោងជីកស្ដារប្រឡាយកំពង់សីមា ក្រុងបាត់ដំបង ។

ក្រុងបាត់ដំបងបានទទួលគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនលើគម្រោងស្ដារប្រឡាយមេកំពង់សីមា ប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង សម្រាប់ធ្វើការរំដោះទឹកលិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង ដែលប្រឡាយមេ១ខ្សែនេះឆ្លងកាត់សង្កាត់ចំនួន៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ ។ ក្នុងដំណាក់កាលនៃការអនុវត្តគម្រោងស្ដារប្រឡាយមេរំដោះទឹកលិចនេះ ក៏កំពុងជួបប្រឈមនឹងបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាសំណង់របស់ប្រជាពលរដ្ឋដែលកំពុងរំលោភលើដីចំណី ពិសេសដីចំណីប្រឡាយដោយប្រជាពលរដ្ឋមួយចំនួនបានធ្វើសំណង់ផ្ទះពីលើប្រឡាយ និងមួយចំនួនចាក់ដីបំពេញបិទប្រឡាយតែម្ដង ដែលក្រុមការងារទាមទារឱ្យមានការរុះរើចំពោះសំណង់ដែលមិនមានរបៀបរៀបរយ សំណង់លើខ្នងប្រឡាយ និងសំណូមពរឱ្យប្រជាពលរដ្ឋធ្វើស្ពានឬដាក់លូទៅតាមទំហំនិងលំហូរ តាមបច្ចេកទេសរបស់ក្រុមការងារ ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និងចៅសង្កាត់ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះប្រជាពលរដ្ឋណាដែលគាត់បានសាងសង់សំណង់លើខ្នងប្រឡាយឬរំលោភលើចំណីប្រឡាយទាំងនោះ និងត្រូវធ្វើការរុះរើជាបន្ទាន់ដើម្បីពន្លឿនដល់ការស្ដារប្រឡាយកំពង់ស៊ីមាឱ្យភាពមានភាពរលូន ។

...

លោកបានបន្តទៀតថា អាជ្ញាធរមូលដ្ឋានទាំងអស់មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់គ្មានរបៀបរៀបរយដែលរំលោភលើដីចំណីផ្លូវ ឬរំលោភលើដីចំណីប្រឡាយណាមួយឡើយ បើសិនឃើញមានការសាងសង់ណាមួយត្រូវធ្វើការដោះស្រាយរុះរើ ឬបញ្ឈប់ភ្លាមៗជាបន្ទាន់ មិនត្រូវបណ្ដែតបណ្ដោយឱ្យទុកយូរទេ បើមិនដូច្នេះទេ នឹងបង្កឱ្យមានការរំលោភលើដីចំណីផ្លូវ ចំណីប្រឡាយ និងសំណង់អនាធិបតេយ្យកាន់តែច្រើនឡើងៗ ពិបាកក្នុងការដោះស្រាយ និងត្រូវធ្វើការដោះស្រាយ ឬរុះរើឱ្យមានភាពស្មើភាពគ្នា មិនត្រូវមានការលម្អៀងណាមួយឡើយ៕
ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print