តំណាងរាស្រ្តទាំង១២៥រូប ចូលរួមធ្វើសច្ចាប្រណិធាន នៅក្នុងព្រះទីនាំងទេវានិឆ្ឆ័យ ព្រះបរមរាជវាំង នៅវេលាម៉ោង៤រសៀលនេះ

ចែករំលែក៖

ភ្នំពេញ : តំណាងរាស្រ្តជាប់ឆ្នោតសរុប១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក ដែលមានអាយុចាស់ជាងគេ។ បន្ទាប់មកនៅរសៀលម៉ោង៤ ថ្ងៃដដែលនេះ នឹងត្រូវចូលរួមធ្វើសច្ចាប្រណិធាន នៅក្នុងព្រះទីនាំងទេវានិឆ្ឆ័យ ព្រះបរមរាជវាំង។

សូមបញ្ជាក់ថា, សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ត្រូវបានធ្វើឡើងបន្ទាប់ពី សម័យប្រជុំលើកដំបូង រដ្ឋសភា ដែលធ្វើឡើងក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី អង្គទូតប្រចាំកម្ពុជា ក្នុង ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលរួមផងដែរ។

បន្ទាប់ពីទទួលបានការប្រកាសសុពលភាពនេះហើយ តំណាងរាស្ត្រទាំង១២៥រូប នឹងត្រូវស្បថចូលកាន់តំណែង ក្នុងព្រះបរមរាជវាំង នៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចសង្ឃរាជទាំងពីរគណៈ នៅរសៀល ម៉ោង៤ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះផងដែរ។

នៅក្នុងពិធីបើកសម័យប្រជុំលើកដំបូង នាព្រឹកមិញនេះ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។

ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។

ព្រះអង្គបានមានព្រះបន្ទូលថា , ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ ។

ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print