ខេត្តកំពង់ស្ពឺ÷ សមត្ថកិច្ចជំនាញ បានបញ្ជូនជនដៃដល់ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីជនដៃដល់យកទួណឺវីសចាក់ក្មួយប្រសារប្រុសបណ្តាលឲ្យរងបួសធ្ងន់ ។
ជនសង្ស័យមានឈ្មោះ ហុត សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផឹកស្រាស្រវឹង ព្រមទាំងបានរករឿងឈ្លោះ ប្រកែកជាមួយប្រពន្ធរបស់ខ្លួន ឈ្មោះ អ៊ុំ ផាត អាយុ ៤៤ឆ្នាំ ។ បន្ទាប់មកប្រពន្ធក៏បាននាំកូនគេចមកសម្រាកនៅផ្ទះឪពុក ឈ្មោះ ង៉ែត ម៉ៅ អាយុ៦៧ឆ្នាំ រស់នៅភូមិ ជាមួយគ្នា។ ក្រោយមកឈ្មោះ ហុត សំណាង បានតាមមករកប្រពន្ធ ហើយបានស្រែកឡូឡា។ ពេលនោះក៏មានឈ្មោះ សំ ពីឡា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជាមួយគ្នា ត្រូវជាក្មួយប្រសារបានមកហាម ហើយដេញជនសង្ស័យឱ្យចេញស្រាប់តែឈ្មោះហុត សំណាង បានយកទួណឺវីសចាក់ទៅលើឈ្មោះ សំ ពីឡា បណ្តាលឱ្យរងរបួសក្រោមដោះខាងឆ្វេង។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើបានគេចខ្លួន ។
គួររំលឹកផងដែរថា កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍សែនដី បានឃាត់ខ្លួនឈ្មោះ ហុត សំណាង នៅ នឹងផ្ទះមកសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជានយកទួណឺវីស ចាក់ទៅលើជនរងគ្រោះ ពិតប្រាកដមែន៕ដោយ៖សុរិយា