ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយអំពាវនាវដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ។
សម្តេចតេជោ បានអំពាវនាវមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបន្តគាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកបំពេញភារកិច្ចការងារឱ្យបានជឿនលឿនទៅមុខ។
សម្តេចតេជោ បានថ្លែងថា ខណៈសម្តេចតេជោកំពុងតែថ្លែងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចក្លាយជាឪពុកនាយករដ្ឋមន្ត្រីថ្មី។ ក្រោយចប់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងបន្តឈរឈ្មោះជាប្រធានព្រឹទ្ធសភានៅអាណត្តិក្រោយឆ្នាំ២០២៤ខាងមុខនេះ។ ជាមួយគ្នានេះសម្តេចតេជោនឹងត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ក្រសួងមហាផ្ទៃដើម្បីចាត់វិធានការជាបន្ទាន់ទៅលើអ្នកដែលបន្លំខ្លួនជាសម្ដេចលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok។
សម្តេចតេជោ ហ៊ុន សែន ថ្លែងរម្លឹកបញ្ជាក់ថា សម្តេចគឺជានាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរជាងលើពិភពលោក ក្នុងរយៈពេល៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។
សម្តេចតេជោមានប្រសាសន៍ថា៖ «ខ្ញុំគួរតែជម្រាបថា នៅលើពិភពលោកនេះអ្នកដដែលកាន់អំណាចយូរជាងគេគឺខ្លួនខ្ញុំនេះឯង។ បើយើងគិតពីពេលវេលាដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តីខ្ញុំធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា គិតពីថ្ងៃច័ន្ទ ទី១៤ មករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីបានចំនួន ២០១៤សប្តាហ៍ គិតជាថ្ងៃគឺបាន១៤ ០៩៩ថ្ងៃ គិតជាខែគឺបាន ៤៦០ខែ គិតជាឆ្នាំគឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ»។
សម្តេចបានបញ្ចាក់ថា សម្តេចនៅមានលទ្ធភាពដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិតាមតួនាទីរបស់សម្តេចក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច និងជាអ្នកតំណាងរាស្រ្ត ហើយគម្រោងនាពេលអនាគតដែលមានការស្រុះស្រួលគ្នាក្នុងគណបក្សប្រជាជនរួចទៅហើយនោះ នៅទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា ពេលនោះ លទ្ធភាពនៅក្នុងខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា។ សម្តេចគូសបញ្ជាក់ថា៖ «ដូច្នេះខ្ញុំមិនទាន់ទៅណាចោលប្រជាពលរដ្ឋរបស់យើងនោះទេ »។
ទន្ទឹមនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ខណៈសម្តេចយល់ពីការស្ដាយស្រណោះដែលទទួលសេចក្ដីសុខ និងតួនាទីរបស់សម្តេច។
សម្តេចមានប្រសាសន៍ថា៖«ក៏ប៉ុន្តែវាមានការចាំបាច់ណាស់ដើម្បីនឹងការផ្ទេរអ្នកជំនាន់ អ្នកជំនាន់មុន ឲ្យអ្នកជំនាន់នៅពេលក្រោយនៅពេលនេះ ដោយសារតែភាគច្រើនអាយុ៦០ លើស៧០(ឆ្នាំ) ហើយមានរហូតទៅដល់៨០ អាយុរបស់យើងច្រើនហើយ ដូច្នេះជាការល្អបំផុតហើយដែលយើងត្រូវដកខ្លួនចេញក្នុងពេលវេលាមួយដែលសមស្របដូចពេលនេះ ហើយប្រគល់ការងារនីតិប្រតិបត្តិនេះ សម្រាប់ឲ្យអ្នកបន្តវេនជំនាន់ក្រោយ»៕
ដោយ : សិលា