ភ្នំពេញ : នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចតេជោ ហ៊ុនសែន ចង់ឃើញ និងចង់បាន២ចំណុចដែលសំខាន់បំផុតពីអ្នកបន្តវេនជំនាន់ថ្មីនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំណុចទី១ គឺការបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយបន្ថែមទៀត ដែលនេះជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា ចំណុចទី២ ដែលសម្តេចចង់បានពីអ្នកបន្តវេនថ្មីនេះ គឺការសម្រេចឱ្យបាននូវការប្រែក្លាយស្ថានភាពប្រទេសពីប្រទេសអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់។
លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឃើញអ្វីៗបន្ថែមទៀតពីលើសមិទ្ធផលចាស់ៗ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសង្គម ព្រមទាំងការធ្វើឱ្យអត្រាភាពក្រីក្រនៅកម្រិតទាប។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ៖ ខ្ញុំមិនទៅណាឆ្ងាយពីប្រជាពលរដ្ឋខ្មែរឡើយ ។ ទោះបីសម្តេច ចាកចេញពីស្ថាប័ននីតិប្រតិបត្តិក៏ដោយ ក៏សម្តេចមិនទាន់ចាកចេញពីវិស័យនយោបាយដែរ ពោលគឺសម្តេចនៅតែអាចមានលទ្ធភាពចូលរួមកសាងប្រទេសជាតិ និងជួយប្រជាពលរដ្ឋខ្មែរដដែល។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនៅមិនទាន់ទៅណាចោលប្រជាពលរដ្ឋទេ ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តីក៏ដោយ សម្តេចក៏នៅតែអាចជួយកសាងប្រទេសជាតិ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើពុំមានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ព្រឹទ្ធសភានឹងរៀបចំការបោះឆ្នោត ហើយនៅខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា៕
ដោយ : សិលា