ភ្នំពេញ : ការជាប់គល់អណ្ដាត គឺជាអាការៈមួយដែលសន្ទះស្បែកស្ដើង ដែលតភ្ជាប់អណ្ដាតទៅនឹងផ្នែកខាងក្រោម នៃប្រអប់មាត់របស់ទារក មានសភាពខ្លីជាងធម្មតា។ ស្ថានភាពនេះនាំឱ្យអណ្ដាតរបស់ទារក ជាប់ជាមួយនឹងផ្នែកខាងក្រោមនៃប្រអប់មាត់ មិនអាចឱ្យទារកមិនអាចធ្វើចលនាបាន ជាពិសេសពិបាកក្នុងការបៅដោះម្ដាយ។ កត្តាហ្សែនគឺជាមូលហេតុបង្ក ការជាប់គល់អណ្ដាត ហើយទារកអាចជួបបញ្ហានេះ នៅពេលដែលទារកកើតមកភ្លាម ពោលគឺ ១០% នៃទារកទើបសម្រាល កើតមានបញ្ហានេះ។ ជាការបញ្ជាក់ពីខាង វេជ្ជបណ្ឌិត កម្ពុជា ។
កុមារដែលជាប់គល់អណ្ដាត មានសញ្ញាបែបនេះ៖
១. ពិបាកលើកអណ្ដាតឡើងលើ ឬផ្លាស់ទីពីម្ខាងទៅម្ខាង
២. មិនអាចលៀនអណ្ដាតចេញមកក្រៅ
៣. អណ្ដាតមានស្នាមក្រហូង ឬជារូបបេះដូង នៅពេលលៀនចេញ
៤. ទារកបៅដោះមិនបានយូរ
៥. កាលណាទារកបៅយូរ ទារកត្រូវផ្ដាច់មួយរយៈខ្លី ទើបអាចបៅបន្តបាន
៦. ទារកហាក់ដូចជាបៅមិនឆ្អែត ហើយមានសភាពឃ្លានគ្រប់ពេល
៧. ទារកមិនអាចឡើងទម្ងន់លឿនដូចធម្មតាបាន
ផលវិបាកនៃការជាប់គល់អណ្ដាតរបស់ទារក៖
១. រំខានទារកក្នុងការទទួលការបំបៅដោះពីម្ដាយ
២. មានបញ្ហាលើការនិយាយ ឬបញ្ចេញសម្លេង
៣. មាត់ធ្មេញគ្មានអនាម័យ (ជាប់សំណល់អាហារ នាំឱ្យពុកធ្មេញ ដង្កូវស៊ីធ្មេញ ឬរលាកហើមអញ្ចាញធ្មេញ។ល។)
៤. មានការលំបាកក្នុងការប្រើចលនាមាត់ (ការលិតម្ហូបអាហារ ការថើប ឬការលេងឧបករណ៍ភ្លេងដោយប្រើខ្យល់)
សម្រាប់ទារកដែលជាប់គល់អណ្ដាត អាចទទួលការព្យាបាល ដោយវិធីកាត់យកបន្ទះសាច់ស្ដើងចេញ ឬដោយវិធីផ្សេងទៀត ពីវេជ្ជបណ្ឌិតជំនាញ។ សូមជួបវេជ្ជបណ្ឌិត ដើម្បីទទួលការណែនាំ ឬការព្យាបាលដែលត្រឹមត្រូវ និងមានឯកទេស៕
ដោយ : សហការី