Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១បន្ត ដើម្បីបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាលអាណត្តិថ្មី

ចែករំលែក៖

ភ្នំពេញ : ព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១បន្ត ដើម្បីបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ រដ្ឋសភា ក៏បានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា : នៅថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។

បើយើងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print