ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅបានក្រើនរំលឹកដល់លោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ឲ្យយកចិត្តទុកដាក់ទៅលើការងារគ្រប់គ្រងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធរឿងសន្តិសុខ សណ្តាប់ធ្នាប់ និបរិស្ថាន ។
ប្រសាសន៍ដាស់តឿនក្រើនរំលឹកចៅសង្កាត់និងមន្ត្រីក្រុមការងារទទួលបន្ទុកអនុវត្តផែនការសកម្មភាពនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅលើកទី២៥ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីមន្ត្រីការិយាល័យជំនាញ, លោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ។
នៅក្នុងកិច្ចប្រជុំនេះដែរ សមាជិកក្រុមប្រឹក្សាខណ្ឌស្នើឲ្យគណៈអភិបាលជួយដោះស្រាយបញ្ហាសំរាម បញ្ហាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ បញ្ហាសន្តិសុខនៅក្នុងមូលដ្ឋាន ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឹក្សា លោន យិុន វុធចៅ សង្កាត់ច្បារអំពៅទី២ បាននិយាយថា: តាមពិតបញ្ហាសំរាមនេះ គឺពលរដ្ឋខ្លួនឯងផ្ទាល់ជាអ្នកបោះសំរាមផ្ដេសផ្ដាស រីឯក្រុមហ៊ុនសិុនទ្រី ក៏បានមកយកសំរាមរាល់ថ្ងៃដែរ ហើយកាលកំណត់នោះគឺម៉ោង៩យប់ តែពលរដ្ឋមួយចំនួន និងអ្នកលក់ដូរនោះ បានយកសំរាមទៅចោលបន្ថែមទៀត ។
លោកចៅសង្កាត់បន្ថែមថា : លោកក៏បានផ្សព្វផ្សាយដល់ពលរដ្ឋឲ្យជៀសវាងរឿងចោលសំរាមផ្ដេសផ្ដាសហ្នឹង ដោយយកសំរាមមកដាក់ឲ្យចំទីតាំង និងមានម៉ោងកំណត់ ព្រោះឡានសំរាមគេមកយកមានពេលវេលារបស់គេ ។
ដោយឡែកលោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ដូច្នេះថា ដោយមានការរអ៊ូរទាំ ពីពលរដ្ឋរឿងបញ្ហាសំរាមគរស្អុយ ពិសេសនៅផ្សារអំពៅនៅជាប់ផ្លូវជាតិលេខ៣៦៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ មានគំនរសំរាមពាសវាលពាសកាលនៅជាប់ផ្លូវជាតិ ហើយមានក្លិនស្អុយអសោច ដែលនេះវាប៉ះពាល់ដល់មុខមាត់ខណ្ឌ ពិសេសគឺពលរដ្ឋដែលលក់ដូរផ្ទាល់នៅគៀកសំរាមនេះ នឹងប្រឈមនឹងបញ្ហាសុខភាពជាក់ជាមិនខាន។ ម្យ៉ាងទៀត បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ក៏មានភាពអនាធិបតេយ្យធ្វើអោឲ្យអ្នកដំណើររិះគន់ផងដែរ ដូច្នេះសូមលោកអភិបាលរងទទួលបន្ទុក និងលោកចៅសង្កាត់ រួមជាមួយសមត្ថកិច្ចមើលផង កុំមើលតែភ្នែក គឺមើលហើយ ត្រូវអនុវត្តន៍ឲ្យបានច្បាស់លាស់ កុំបណ្ដោយឲ្យបញ្ហាសណ្ដាប់ធ្នាប់ ជាហេតុផលមួយដែលត្រូវពលរដ្ឋវាយតម្លៃថា អាជ្ញាធរ សមត្ថកិច្ច គ្មានសមត្ថភាព ព្រោះផ្លូវធំៗមាន២ខ្សែទេ គឺផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៩ តើហេតុអីបានជាការលក់ដូរអណាធិបតេយ្យនៅតែជាក្ដីកង្វល់ ???!!! ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌក៏បានដាក់បទបញ្ជាឲ្យមើលទៅលើផ្សារនានាដែលលក់រំលោភលើចិញ្ចើមផ្លូវ ពិសេសនោះគឺផ្សារព្រែកឯងតែម្ដង ដែលពលរដ្ឋបានយកចិញ្វើមផ្លូវលក់ដូរតែម្ដង ចុះបើសិនមានឡានធំៗណា រេចង្កូត ឬបញ្ហាដាច់ហ្វ្រាំងជាយថាហេតុ ដោយទៅកៀរទៅលើអ្នកលក់ដូរទាំងនោះ តើវាកើតរឿងធំដល់កំរិតណា ??។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលខណ្ឌបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រាល់សំណូមពររបស់ប្រជាពលរដ្ឋនិងទទួលយកមកធ្វើការដោះស្រាយជូនបងប្អូន… ហើយអាជ្ញាធរខណ្ឌរីករាយនិងទទួលយកនូវរាល់សំណូមពរ និងសំណើរផ្សេងៗ៕
ដោយ៖ សណ្តោស