ខេត្តកំពង់ឆ្នាំង ៖ បទល្មើសគ្រឿងញៀនគឺជាបទល្មើសមានហានិភ័យខ្ពស់ទី១ក្នុងចំណោមបទល្មើសទាំង៦ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់កខ្វក់។ នេះបេីតាមប្រសាសន៍លោក កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅក្នុងទិវាអន្តរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងនៅទីលានចាក់សំរាម ក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
លោក កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបន្តថា ចំពោះបទល្មើសទាំង៦រួមមាន៖ ការជួញដូរមនុស្ស, ការរត់ពន្ធទំនិញ ,បទល្មើសព្រៃឈើសត្វព្រៃ, បទល្មើសពុករលួយ, បទល្មើសឆបោក និងបទល្មើសគ្រឿងញៀនដែលជាបទល្មើសត្រូវយកចិត្តទុកដាក់ជាអាទិភាព។ បរិមាណគ្រឿងញៀនដែលត្រូវបានរឹបអូសនិងរៀបចំដុតកម្ទេចនាពេលនេះ គឺមាន៨៧សំណុំរឿង ក្នុងនោះរួមមាន ម្សៅក្រាមពណ៌លឿងមានសារធាតុគីមី រួមនឹងម្សៅថ្នាំញៀនកេតាមីនសរុបចំនួន២១១ ការុង ស្មើនឹងជាង៤៧៦៧គីឡូក្រាម ដែលនេះជាការបង្ក្រាបក្នុងករណីយ៉ាងធំមួយ ហើយយ៉ាងកក្រើកក្នុងទឹកដីខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២២កន្លងទៅនេះ ។
បន្ថែមលើនេះនៅមានប្រភេទថ្នាំញៀនមេតំហ្វេតាមីនឬហៅថាម៉ាទឹកកក ចំនួន៥៦៥ក្រាម កញ្ឆាក្រៀម ១៦,៥៤ក្រាម រួមនឹងឧបករណ៍ដែលសម្រាប់បម្រើឱ្យការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ការដុតបំផ្លាញគ្រឿងញៀនដែលមានចំនួនរហូតដល់ជាង ៤តោន ដែលរាយការណ៍ដោយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង គឺមិនមែនត្រឹមតែជាការដុតបំផ្លាញវត្ថុដែលបង្កឱ្យគ្រោះថ្នាក់នោះទេ ប៉ុន្តែវាជាការបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្ថាប័នតុលាការ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីអនុវត្តច្បាប់ គ្រប់លំដាប់ថ្នាក់ក្នុងការរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅទូទាំងប្រទេសក៏ដូចជាការចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពផងដែរ ។
ជាមួយគ្នានោះ លោក មាស វិរិទ្ឋ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ក៏មានប្រសាសន៍ដែរថា៖ ផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលត្រូវបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចែកចេញជា២ផ្នែក ទី១គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី២គឺការគាំពារជនរងគ្រោះដែលរងគ្រោះដោយសារ ការប្រើប្រាស់ថ្នាំញៀន។ ការប្រើប្រាស់គ្រឿងញៀនមិនត្រឹមតែប៉ះពាល់និងបំផ្លាញខ្លួនឯងជាអ្នកប្រើប៉ុណ្ណោះទេគឺប៉ះពាល់ដល់គ្រួសារ សហគមន៍និងអ្នកជិតខាងផងដែរ ព្រោះតែកាលណាញៀនថ្នាំហើយមុនមានលុយទិញ ក្រោយមកអត់លុយលួចរបស់របរក្នុងផ្ទះលក់ ហើយក៏អាចបង្កហិង្សាក្នុងគ្រួសារ វង្វេងវង្វាន់ស្មារតី ក្លាយពីមនុស្សស្លូតបូត ទៅជាមនុស្សឃោរឃៅ ប្រើអំពើហិង្សា ជាដើម ។ ហេតុនេះសូមក្មួយៗជាសិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងសូមនិយាយថាទេចំពោះគ្រឿងញៀន។ ជាមួយគ្នានេះក៍សូមសម្តែងនូវការកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំបង្ក្រាប បទល្មើសគ្រឿងញៀនកន្លងមក ដោយទទួលបានជោគជ័យ ហើយក៏ជាលើកទី១ដែរដែលខេត្តកំពង់ឆ្នាំងបានដុតកម្ទេចគ្រឿងញៀនរហូតជាង៤ពាន់គីឡូក្រាម៕ដោយ ៖ ភារ៉ា ដង្កោ