អុញនោះ! រកឃើញបង្គារចាក់ចាហួយជាង១០០គីឡូក្រាម នៅផ្សារដើមគរ​ និងទំនិញហួសកាលបរិច្ឆេទជាង៨គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ​ បានឱ្យដឹងថា​ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ មន្រ្តីជំនាញ​ បានចុះត្រួតពិនិត្យទំនិញនៅផ្សារដើមគរ រកឃើញបង្គារមានចាក់ចាហ៊ួយ ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម។​ ការចុះត្រួតពិនិត្យនេះដែរ​ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ។

នៅក្នុងប្រតិបត្តិការនេះមន្ដ្រីនៃសាខា «ក.ប.ប.» រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារដើមគរ ដោយបាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយក សំណាកគំរូជាក់ស្តែង បានចំនួន៤១ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក មើមខ្ទឹមសរ ខ្ទឹមក្រហម សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍ ជាលទ្ធផលពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់ ក្នុងគម្រូទាំងនោះទេ ប៉ុន្តែក្នុងប្រតិបត្តិការត្រួតពិនិត្យ ក៍បានរកឃើញ និងដកហូត បង្គារមានចាក់ចាហ៊ួយ ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទុកធ្វើការបំផ្លាញចោលតាមនីតិវិធី។

បើតាមការបញ្ជាក់ពីលោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ក៏បានពន្យល់អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឱ្យមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ឱ្យដាក់តាំងលក់ផលិតផលទំនិញ ឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ ដែលជាសារ ធាតុគីមី និងម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

លោកប្រធាន​សាខា​ បានថ្លែងបន្តថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមានអនុលោមភាព សម្រាប់សុខភាព របស់ប្រជាពលរដ្ឋផងដែរ។

...

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនេះដែរគេឃើញប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ និងបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្តាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស ចូលមកដែលអាចប៉ះពាល់ជាយថាហេតុដល់សុខភាពយើងទាំងអស់គ្នា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print