កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកស្រី Paetongtarn Shinawatra បាននិយាយ នៅថ្ងៃទី 29 ខែសីហាថា ការផ្លាស់ប្តូរណាមួយដើម្បីសុំការលើកលែងទោសពីព្រះមហាក្សត្រគឺអាស្រ័យទៅលើឪពុករបស់នាងទាំងស្រុង។
នៅក្នុងការអត្ថាធិប្បាយដំបូងរបស់អ្នកស្រីអំពីលទ្ធភាពដែលលោកថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ អ្នកស្រី Paetongtarn បានសង្កត់ធ្ងន់ថា វាគឺជាការសម្រេចចិត្តរបស់ឪពុកនាង។ លោកស្រី Paetongtarn បាននិយាយថា លោកថាក់ស៊ីននឹងបន្តរឿងនេះដោយខ្លួនឯង។
អ្នកស្រី Paetongtarn បានប្រាប់អ្នកសារព័ត៌មានថា៖ «ដំណើរការនៃការដាក់ពាក្យសុំលើកលែងទោសពីព្រះមហាក្សត្រត្រូវចំណាយពេលវេលា។ ជម្រើសនៃពេលវេលា និងដំណើរការគឺអាស្រ័យលើឪពុកខ្ញុំ»។
លោកស្រី Paetongtarn សមាជិកជាន់ខ្ពស់នៃគណបក្សភឿថៃបានចែករំលែករឿងខាងលើមួយថ្ងៃបន្ទាប់ពីបានទៅសួរសុខទុក្ខឪពុករបស់នាងនៅក្នុងមន្ទីរពេទ្យ។
លោកស្រី Paetongtarn បានទៅសួរសុខទុក្ខឪពុករបស់នាងជាមួយមេធាវី។ យោងតាមគេហទំព័រ Thai PBS World អ្នកស្រី Paetongtarn បានទៅជួបលោកថាក់ស៊ីន នៅម៉ោងប្រហែល ១រសៀល ថ្ងៃទី ២៨ ខែសីហា (ម៉ោងក្នុងតំបន់) ហើយបានចាកចេញប្រហែល ៤០ នាទីក្រោយមក។ បច្ចុប្បន្ន មនុស្ស១០នាក់ត្រូវបានអនុញ្ញាតិឱ្យចូលជួបលោកថាក់ស៊ីនរៀងរាល់ថ្ងៃរយៈពេល៤០នាទី។
អ្នកស្រី Paetongtarn បាននិយាយថា គាត់មានការព្រួយបារម្ភអំពីស្ថានភាពបេះដូងរបស់លោកថាក់ស៊ីន។ អ្នកស្រី Paetongtarn បាននិយាយថា “គ្រូពេទ្យកំពុងតាមដានអ្វីៗគ្រប់យ៉ាង” ដោយបន្ថែមថា ឪពុករបស់នាងមានភាពតានតឹង និងអស់កម្លាំងខ្លាំង។
ជាមួយគ្នានេះ មេធាវីរបស់លោកថាក់ស៊ីន លោក Vinyat Chatmontri បានប្រាប់អ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីកំពុងស្ថិតក្រោមការតាមដានសុខភាពយ៉ាងជិតស្និទ្ធ ហើយស្ថានភាពរបស់លោកនៅតែមានការព្រួយបារម្ភ។
ថ្ងៃទី២៨ ខែសីហា ជាថ្ងៃដំបូងដែលនាយកដ្ឋានកែតម្រូវអនុញ្ញាតឲ្យចូលជួបលោក ថាក់ស៊ីន។ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន បច្ចុប្បន្នស្ថិតនៅក្នុងបន្ទប់ថែទាំកម្រិតមធ្យម (IMCU) នៅជាន់ទី 14 នៃអគារ Maha Bhumibol Rachanusorn នៃមន្ទីរពេទ្យប៉ូលិស៕
រូបថត: Thai PBS