គ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ នៅខេត្តក្រុងជាច្រើន ក្នុងប្រទេសចិន បង្ខំឲ្យមន្ត្រីប្រទេសនេះកោះប្រជុំពិភាក្សាពីវិធានការទប់ស្កាត់។
ក្នុងពេលនេះ ចិនដាក់ចេញនូវវិធានការបន្ទាន់សម្រាប់ខេត្តចំនួន២ ខណៈព្យុះទីហ្វុង Saola ជិតទៅដល់។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ព្យុះទីហ្វុងសាវឡា (Saola) ដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ចិន បានបង្ខំឲ្យខេត្តនានាដាក់ចេញ វិធានការឆ្លើយតបបន្ទាន់នៅថ្ងៃអង្គារនេះ និងការអំពាវនាវឲ្យទូកនេសាទទាំងអស់ត្រឡប់ចូលកំពង់ផែ តាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍វិញ ចំពេលដែលមានខ្យល់បក់បោកពាសពេញសមុទ្រចិនខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ខេត្តក្វាងទុង (Guangdong) បានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់ សម្រាប់ខ្យល់បក់ខ្លាំងបណ្តាលមកពីព្យុះទីហ្វុង Saola ហើយខេត្តហ្វូជៀន (Fujian) បានរក្សាការព្រមានកម្រិតទី ៥ ដោយហៅឲ្យទូកនេសាទទាំងអស់ត្រឡប់ចូលកំពង់ផែវិញ។ ជាមួយគ្នានេះ សេវាកម្មស្រឡាងដឹកអ្នកដំណើរក្នុងទីក្រុងសៀមិន (Xiamen) របស់ខេត្តហ្វូជៀន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ រីឯ ខេត្តដ៏ទៃទៀត ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
បើតាមទីភ្នាក់ងារឧតុនិយមជាតិ គេនៅមិនទាន់ប្រាកដពីដំណើរនៃព្យុះ Saola នេះទេ ប៉ុន្តែឥទ្ធិពលរបស់វា មានលក្ខណៈស្រដៀងនឹងព្យុះទីហ្វុង Haikui ដែលធ្លាក់នៅភាគពាយ័ព្យតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបង្កគ្រោះថ្នាក់ក្នុងកម្រិតជាព្យុះទីហ្វុង ទី៤ ដែលបោកបក់លើប្រទេសចិនក្នុងឆ្នាំ ២០២៣នេះ៕
រូបថត: xinhua