ភ្នំពេញ៖ សម្រង់ប្រសាសន៍សំខាន់ៗរបស់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាសចំនួន ១៨,០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, នាព្រឹកថ្ងៃអង្គារ ទី២៩ សីហា ២០២៣។
លោកកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកម្មករ-និយោជិតទាំងអស់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងជាទីស្រលាញ់។ ជាមួយគ្នានេះ លោកកិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់អំពីគុណបំណាច់នៃការតស៊ូ ដឹកនាំលះបង់ ដើម្បីកម្ពុជារបស់ថ្នាក់ដឹកនាំជំនាន់មុន ហើយបានបន្សល់ទុកសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន នូវសមិទ្ធផលជាច្រើន សម្រាប់ប្រជាជនកម្ពុជាទាំងមូលនិយាយជារួម ព្រមទាំងជាពិសេសសម្រាប់បងប្អូនកម្មករ-និយោជិត បាន និង កំពុងទទួលបាន ដែលកើតចេញពីការដឹកនាំដោយផ្ទាល់របស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ សមិទ្ធផល និងអត្ថប្រយោជន៍នាថ្ងៃនេះ គឺមិនមែនកើតមកដោយចៃដន្យនោះទេ ហើយជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នា រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលដែលជាប្រតិបត្តិករក្នុងការអនុវត្តគោលនយោបាយ និងយន្តការផ្សេងៗសំដៅបម្រើដល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយជាគោលការណ៍គ្រឹះនៃការបែងចែកផលលាភប្រកបដោយសមធម៌។
បន្ថែមជាមួយគ្នានេះ, លោកកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសដើម្បីថ្លែងអំណរគុណដល់បងប្អូនប្រជាជនខ្មែរច្រើនលើសលប់ បន្តផ្តល់ជំនឿជឿជាក់ និងផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតយ៉ាងច្រើនលើសលប់ ដោយមិនជឿលង់នឹងការញ៉ុះញ៉ង់ ឬឧបាយកលអាក្រក់ណាមួយ ដោយមានអត្រាអ្នកចេញទៅបោះឆ្នោតចំនួន ៨៤,៥៨% ក្នុងនោះចំនួនអ្នកដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៨២,៣០% ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំ និង បម្រើ ការពារ តាមរយៈការបន្តបង្កើតផលប្រយោជន៍បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជន។ យន្តការការដឹកនាំ កម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្ស គឺក្លាយជាយន្តការ កម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ឱ្យយកទៅអនុវត្តក្នុងការបម្រើឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ និងឈរលើជំនឿចិត្ត ការស្រលាញ់ និងការគាំទ្ររបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីដឹកនាំ អនុវត្តកម្មវិធីនយោបាយ ជាពិសេសការធានាទាំង៥ គោលដៅអាទិភាពទាំង៦ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដចំពោះជាតិ និងប្រជាជន។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ផងដែរ អំពីមតិមួយចំនួនដែលបានលើកឡើងដោយចោទរាជរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតក្លែងក្លាយ ហើយមិនមានអន្តរជាតិទទួលស្គាល់ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ឱ្យអ្នកទាំងនោះទៅមើលទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត ហើយជាពិសេសត្រូវគោរពសិទ្ធិអ្នកបោះឆ្នោតចំនួនជាង ៨,២លាននាក់ ស្មើនឹង ៨៤,៥៨% ហើយអ្នកដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាង ៦លាននាក់ ស្មើនឹង ៨២,៣០% ដែលនេះបានបង្ហាញច្បាស់អំពីគោលការណ៍ប្រជាធិបតេយ្យរឹងមាំ និងមានភាពចាស់ទុំ ហើយបានផ្តល់សិទ្ធិស្របច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសម្រាប់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។
ជាមួយគ្នានេះ បណ្តាប្រទេសជាច្រើនបានផ្ញើសារអបអរសាទរដល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលបានបង្ហាញពីមនោសញ្ចេតនា និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ហើយជាពិសេសស្ថាប័នសំខាន់ៗមួយចំនួនក៏បានបន្តមកជួបផ្ទាល់ជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មកធ្វើការជាមួយ និងមិនមានប្រទេសណាមួយដកចេញនូវអង្គទូតរបស់ខ្លួននោះឡើយ ហើយអ្វីដែលពិសេសនាថ្ងៃទី២១ កញ្ញា ២០២៣ ខាងមុខនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងឡើងថ្លែងសន្ទុរកថាក្នុងនាមកម្ពុជា ដែលជារដ្ឋអធិបតេយ្យស្មើមុខស្មើមាត់ ឋានៈជាសមាជិកអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះដែរ លោកកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវការណែនាំ និងប្រគល់ភារកិច្ចជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយត្រូវអនុវត្តការងារអាទិភាពចំពោះមុខក្នុងឆ្នាំ២០២៣ ដូចជា៖ ១. ខិតខំសម្របសម្រួលប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ និងឱ្យបាន មុនការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ, ២. រៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស., ៣.
រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសប្រមាណ ១,៥លាននាក់, ៤.ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ, ៥. យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្បបានល្អ និងកាន់តែមានភាពងាយស្រួល និង ៦. បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤តទៅ។
សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ៖ ១. សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករ-និយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ, ២. សហការជាមួយភាគីពាក់ព័ន្ធ ជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរឱ្យបានសមរម្យសម្រាប់កម្មករ-និយោជិត, ៣. សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរនូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាកសុខភាពជាងមុន ត្រឹមឆ្នាំ២០២៧ និង ៤. ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករ-និយោជិតទាំងក្នុងប្រទេស និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន៕ដោយ៖ស តារា