លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ ចូលរួមអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ : លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ បណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ របស់រាជរដ្ឋាភិបាល ចូលរួមនៅក្នុងការអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសបន្តទៅទៀត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការយកបេះដូងប្រជាពលរដ្ឋ ពុំមែនជាការសម្តែងនោះទេ គឺត្រូវចុះដោះស្រាយបញ្ហាប្រឈម សំណូមពរនានា ដឹងសុខទុក្ខប្រជាពលរដ្ឋ និងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទើបអាចទាញយកបេះដូងប្រជាពលរដ្ឋបាន។

នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានបំណងចុះទៅទទួលទានអាហារជាមួយកម្មករកម្មការិនីដោយមិនមានការព្រាងទុកជាមុនឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា៖ «ខ្ញុំច្រណែនសម្តេចកន្លែងហ្នឹង សម្តេចបានទៅហូបបាយជាមួយកម្មកររោងចក្រ ខ្ញុំមិនទាន់ទេ ខ្ញុំត្រូវតែទៅ ថ្ងៃមុនខ្ញុំកេះឯកឧត្តម ហេង សួរ ទៅជួបពិនិត្យមើល តែសំខាន់ចង់ដឹងស្ថានភាពជាក់ស្តែង កុំភូតខ្ញុំ»។
បើតាមនាយករដ្ឋមន្ត្រី កាលលោកបម្រើការនៅកងទ័ព លោកតែងតែចុះទៅពិនិត្យព្រំដែនដោយមិនចាំបាច់មានមេទ័ពរត់តាមលោកនោះទេ ហើយបើទោះបីលោកមិនបានចុះទៅត្រួតពិនិត្យផ្ទាល់ក៏លោកមានក្រុមការងារចុះទៅត្រូតពិនិត្យជាប់លាប់ជាប្រចាំផងដែរ។
កិតិ្តទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានផែនការជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធដើម្បីកែប្រែទារកដ្ឋាន និងអាហារដ្ឋាននៅតាមរោងចក្រដែលបើកដំណើរការថ្មីដើម្បីសម្រួលដល់ការលំបាករបស់កម្មករកម្មការិនី។ ជាពិសេសបង្កើតសាលាមេត្តយ្យនៅម្តុំដែលមានរោងចក្រច្រើន។
នាយករដ្ឋមន្ត្រីថ្លែង៖ «យើងធ្វើមិនមែនឱ្យតែមនុស្សចាស់ មិនមែនមនុស្សពេញវ័យ គឺយើងគិតតាំងពីកូនក្មេងឡើង ព្រោះជាអនាគតរបស់យើង»៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print