ខេត្ដស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សន្តិសុខនិងបុគ្គលិកបន្ទាប់ពីប្រទះឃើញបុរសជនជាតិវៀតណាមដេកស្លាប់ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូម៉ុកបាយសង្ស័យខ្យល់គ នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ រៀង ។
យោងតាមសមត្ថកិច្ចនគរបលក្រុងបាវិតបានអោយដឹងថាសពមានឈ្មោះ ផាម វ៉ាន់ហ្វាត(PHAM VAN HOAT) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខP01531929 មានទីលំនៅហាយហ្វុង ប្រទេសវៀតណាម ។
ប្រភពពីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានឲ្យដឹងថា ក្រោយពីបានទទួលពត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានរាយការណថាមានករណីមនុស្សដេកស្លាប់ នៅបន្ទប់លេខ5B 807 អគារB ជាន់ទី8 តំបន់5 ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ។
សមត្ថកិច្ចបានបន្ដថា ក្រោយពីទទួលបានពត៌មានខាងលើនេះភ្លាមលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តបានដឹកនាំ កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត និងលោកវេជ្ជបណ្ឌិតភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជា្ញរងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យ ។
ប្រភពបានបន្ដទៀតថា ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ការស្តាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូ យើងអាចសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយសារគាំងបេះដូង ។
បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តរក្សាទុកនៅរាជធានីភ្នំពេញ៕ដោយ៖សុថាន