ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនដែលប្រមូលបានក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តចំនួន៣មានខេត្ត ស្ទឹងត្រែង – រតនៈគីរី និងមណ្ឌលគីរី ប្រមាណជិត១៥គីឡូក្រាម ត្រូវរៀបចំដុតកំទេចនៅចំពោះមុខមហាជន នៅបរិវេនមុខសាលាខេត្តស្ទឹងត្រែង ។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជន ជាចម្បង បញ្ចប់ការរើសអើង នឹងការម៉ាក់ងាយ អ្នកគ្រឿងញៀន ពង្រឹងការអប់រំបង្ការ និង ដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រមសាលដីការសម្រេចរបស់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩សីហាឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា៖ យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងទទួលខុសត្រូវ ហើយប្រាប់ការពិតទៅដល់បងប្អូនកូនចៅយើង ថាគ្រឿងញៀននិងថ្នាំញៀន វាបានចំផ្លាញជីវិត នឹងធ្វើឲ្យយើងខាតបង់គ្រប់យ៉ាង ដូចនេះយើងត្រូវតែនាំគ្នាព្យាយាម លប់បំបាត់គ្រឿងញៀននេះឲ្យអស់តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យប្រទេសជាតិនឹងប្រជាជនយើងមានសុខមាលភាពល្អ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ គ្រឿងញៀនវាពិតជាបង្កបញ្ហាគ្រោះថ្នាក់ ធ្ងន់ធ្ងរ ប្រសិនបើប្រទេសនិមួយៗ ឬយើងមិនបានយកចិត្តទុកដាក់ ធ្វើសកម្មភាពបង្ត្រាបការជួញដូរ- ការរក្សាទុក- ការចែកចាយ-នឹងការប្រើប្រាស់គ្រឿងញៀនទាំងនោះ។
ឯកឧត្តមស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖គ្រប់ករណីទាំងនេះអាជ្ញាធរថ្នាក់ក្រោមជាតិបានរួមគ្នាយ៉ាងសកម្ម ក្នុងការទប់ស្កាត់ នៃការធ្វើចរាចរណ៍គ្រឿងញៀន ជាក់ស្តែងពេលនេះស្ថាប័នមានសមត្ថកិច្ចនៃខេត្តចំនួន៣ មានខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង បានដុតបំផ្លាញគ្រឿងញៀនចោល តាមអំណាចសាលក្រមសាលដីការសម្រេចរបស់សាលាដំបូងខេត្ត ដែលជាគ្រឿងញៀនបានមកពីការខិតខំប្រឹងប្រែងបង្ក្រាបនិងរឹមអូសបានកន្លងមក។
ឯកឧត្តមានប្រសាសន៍បន្តថា៖ដើម្បីឱ្យទទួលជោគជ័យបន្ថែមទៀត កម្លាំងសមត្ថកិច្ចនឹងផ្នែកជំនាញពាក់ព័ន្ធបន្តបង្កើនសកម្មភាពបង្ក្រាបឲ្យ កាន់តែសកម្មថែមទៀត ដើម្បីធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាពតទៅឆ្នាំខាងមុខ។
លោក ធូ ចាន់ពៅ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្ទឹងត្រែង បានបញ្ជាក់ថា៖ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល.អាជ្ញាធរមានសមត្ថកិច្ច បានប្រើកម្លាំងសរុបក្នុងខេត្តអនុវត្តការងារ បង្ការ ទប់ស្កាត់ និងបង្ក្រាប ជាប្រចាំមិនឱ្យជនឧក្រិដ្ឋ យកភូមិសាស្ត្រខេត្តស្ទឹងត្រែងធ្វើជាតំបន់ឆ្លងកាត់នោះទេ ។
លោក សយហេងតំណាងឲ្យប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានគាំទ្រវិធានការនេះហើយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៍បានចូលរួមជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សដើម្បីធ្វើឱ្យវិធានការបង្ការ.បង្ក្រាប-ទប់ស្កាត់ នឹងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីការគ្រោះថ្នាក់នៃគ្រឿងញៀនទាំងនេះ។
សូមបញ្ជាក់ថា៖គ្រឿងញៀនដែលដុតកម្ទេចនេះបានធ្វើឡើងនៅចំពោះមុខ មហាជនដើម្បីឱ្យពួកគាត់ស្វែងយល់ពីភាពគ្រោះថ្នាក់ដែលកើតឡើងបណ្តាលមកពីគ្រឿងញៀនហើយនាំគ្នាអប់រំកូនចៅឱ្យនៅឆ្ងាយពីគ្រឿងញៀនទាំងនេះផងដែរ៕ដោយ៖ ជីវ័ន្ត