ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចេញពីបន្ទប់ជួលទៅជួយលក់គោដុតបងប្អូននៅម្ដុំមុខវត្តពោធិញាណ ចៃដន្យជិះម៉ូតូទាក់ដៃចង្កូតម៉ូតូកង់បីបណ្ដាលឱ្យដួលត្រូវរថយន្តធុនធំសណ្ដោងរឺម៉កកិនស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ផា លីហៀ ហៅ(ឌូក) ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរលក់គោដុត ស្នាក់នៅបន្ទប់ជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានី ។ និងមានស្រុកកំណើតនៅឯខេត្តព្រៃវែង។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីម២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1G-8796 ចេញពីបន្ទប់ជួលម្ដុំចាក់អង្រែលើទៅជួយលក់គោដុតបងនៅម្ដុំវត្តពោធិញាណ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច ។ លុះមកដល់ត្រង់ចំណុចកើតហេតុក៏បើកឡើងវ៉ារថយន្តជ្រុលទៅទាក់ដៃចង្កូតម៉ូតូកង់បីដឹកទំនិញដួលម៉ូតូចូលក្រោមរថយន្តធុនធំសណ្ដោងរឺម៉ក ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ3A-1877ធ្វើដំណើរស្របគ្នាកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ ចំណែករថយន្តបន្តដំណើរបើកទៅមុខព្យាយាមបើករត់គេចត្រូវអ្នកធ្វើដំណើរដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើបរប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ