យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Wissanu Krea-ngam បានបញ្ចាក់ថា ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។
នៅរសៀលថ្ងៃទី៣១ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយថៃបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Wissanu Krea-ngam ដែលនិយាយថា គ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីថៃនិងមហាសេដ្ឋីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។
បន្ទាប់ពីបានវិលត្រឡប់មកប្រទេសវិញក្រោយពីនិរទេសខ្លួនរយៈពេល១៥ឆ្នាំ លោកថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការរំលោភអំណាចផងដែរ។
បច្ចុប្បន្ននេះ តំណាងមហាសេដ្ឋីវ័យ ៧៤ឆ្នាំរូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានខាងលើនេះទេ ប៉ុន្តែមួយថ្ងៃកន្លងទៅ មេធាវីរបស់លោកថាក់ស៊ីនបានបង្ហើបថា អតីតនាយករដ្ឋមន្ត្រីថៃកំពុងរៀបចំស្នើសុំការលើកលែងទោស។
ពាក្យសុំលើកលែងទោសគួរតែដាក់ទៅនាយកដ្ឋានកែតម្រូវ រួចដាក់ទៅក្រសួងយុត្តិធម៌។ ជំហានបន្ទាប់ នាយករដ្ឋមន្ត្រីថៃនឹងពិចារណាលើពាក្យស្នើសុំនោះ រួចដាក់ផ្ទាល់ទៅព្រះមហាក្សត្រ Maha Vajiralongkorn។
ការស្មានអំពីលទ្ធភាពដែលលោកថាក់ស៊ីនអាចស្នើសុំការលើកលែងទោសបាននិងកំពុងផ្សព្វផ្សាយចាប់តាំងពីលោកបានត្រឡប់មកប្រទេសវិញនៅថ្ងៃតែមួយដែលមិត្តភក្តិនយោបាយមហាសេដ្ឋីអចលនទ្រព្យលោក ស្រេតថា ថាវីស៊ីន ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីដោយរដ្ឋសភានិងគណបក្សចម្រុះចំនួន ១១ ដឹកនាំដោយគណបក្សដើម្បីថៃ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បន្ទាប់ពីការវិវឌ្ឍទាំងនេះ មនុស្សជាច្រើនជឿថា លោកថាក់ស៊ីនប្រហែលជាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំងដែលបានទម្លាក់គាត់នៅក្នុងរដ្ឋប្រហារឆ្នាំ 2006 ដោយចោទប្រកាន់គាត់ពីបទពុករលួយ និងភាពមិនស្មោះត្រង់ចំពោះព្រះមហាក្សត្រ៕ ដោយធីរីណា