ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានប្រើប្រាស់រូបភាពជួញដូរគ្រឿងញៀនចំនួន៥កញ្ចប់ ដោយលាក់ទុកនៅក្នុងខោលីអូ ទីបំផុតក៏ត្រូវបានសមត្ថកិច្ចនគរបាលតាមទាន់ជាន់កែងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ការបង្រ្កាបឃាត់ខ្លួនស្ត្រីជួញដូរគ្រឿងញៀនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចភ្លើងស្តុបផ្លូវ២១០ កែងផ្លូវលេខ១១០ ស្ថិតក្នុងភូមិថ្មី២ សង្កាត់-ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ កើត ធ្នូរតនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ និងមានស្រុកកំណើតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនស្ត្រីខាងលើនេះ សមត្ថកិច្ចចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៥កញ្ចប់, ប្រាក់រៀលចំនួន ៣៣.០០០រៀល, ប្រាក់ដុល្លារក្លែងក្លាយ២សន្លឹក មួយសន្លឹក២០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង ។
ប្រភពបន្តថា នៅមុនពេលចាប់ខ្លួនស្ត្រីខាងលើនេះ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចេញល្បាតក្នុងភូមិសាស្ត្រ ខណៈល្បាតដល់ចំណុចភ្លើងស្តុបក៏បានប្រទះឃើញស្ត្រីសង្ស័យខាងលើនេះកំពុងដើរ ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅឲ្យនគរបាលនារីឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនដែលស្ត្រីរូបនេះលាក់បិតជាប់ជាមួយខោលីអូ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ