ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ៤ខ្នងបានបាក់ស្រុតចូលច្រាំងទន្លេសាប ដោយឡែកផ្ទះមួយខ្នងបានបាក់ធ្លាក់ចូលទន្លេសាប នេះចាត់ទុកជាសំណាង ដែលមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។
...
ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នៅក្នុងភូមិដើមគរ ខាងជើងស្ពានជ្រោយចង្វា សង្កាត់ខណ្ឌ-ជ្រោយចង្វា។
តាមលោកស្រី ជា សំអ៊ុន មេភូមិដើមគរបានឱ្យដឹងថា ផ្ទះចំនួន២៧ខ្នង ស្មើ២៧គ្រួសារនៅភូមិដើមគរបានរងការគំរាមកំហែង ហើយផ្ទះចំនួន៤ខ្នងបានបាក់ស្រុតជាបន្តបន្ទាប់ ដែល២ខ្នងបានបាក់ស្រុត កាលពីចុងខែឧសភា និងផ្ទះមួយខ្នងទៀតធ្វើពីឈើ បានបាក់កាលពីវេលាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ និងខ្នងទី៤ បានបាក់ស្រុតធ្ងន់ធ្ងរ កាលពីវេលាយប់ថ្ងៃទី២៩ខែមិថុនា នេះ។ លោក ស្រីមេភូមិ បន្តទៀតថា មូលហេតុការបាក់ស្រុតផ្ទះនេះប្រជាពរដ្ឋមានការសង្ស័យ អាចបណ្តាលពីការបូមខ្សាច់ របស់ក្រុមហ៊ុនO C I C ដែលបូបចាក់លុបតំបន់អភិវឌ្ឍន៍ ហើយទឹកបានជ្រាបចូលទៅក្នុងទន្លេ ជាហេតុធ្វើឲ្យស្រុតច្រាំងទន្លេនិងស្រុតផ្ទះ។
ផ្ទះដែលបាក់ស្រុតនោះមានទំហំ៤ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះទេព វណ្ណា ភេទស្រី អាយុ៥២ឆ្នាំ ជាអ្នកអនាម័យ នៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន។
តាមស្រ្តីឈ្មោះសុខ សុខុន អាយុ៧២ឆ្នាំ ត្រូវជាម្តាយម្ចាស់ផ្ទះ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ នៅក្នុងផ្ទះមានគ្នា តែ៥នាក់នៅយប់នោះ គាត់ហាក់ដូចជាដឹងខ្លួនមុនដេកមិនលក់ ក៏បាននាំចៅ៤នាក់មកដេកនៅលើគ្រែនៅមុខផ្ទះ។ នៅពេលដេកលង់លក់ស្រាប់តែ ផ្ទះបានបាក់កាច់ជើងសរសរធ្លាក់ចូលទៅច្រាំងទន្លេបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តង ។
លោកស្រី ក៏បានណែនាំដល់ម្ចាស់ផ្ទះប្តូរទីតាំង រស់នៅថ្មីចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតនៅពេលបាក់ស្រុតបន្តទៀត ៕
ដោយ៖ ជ្រោយពេជ្រ
...